(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំបើកដំណើរការមហាវិទ្យាល័យទាំងរដ្ឋ និងឯកជនឡើងវិញ បន្ទាប់ពីស្ថានភាពរីករាលដាល ជំងឺកូវីដ១៩ បានថមថយមួយរយៈ។ ការសម្រេច របស់ប្រមុខដឹកនាំកំពូល រាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើឱ្យអ្នកជំនាញថ្នាក់ឧត្តមសិក្សា បង្ហាញការគាំទ្រយ៉ាងខ្លាំង ពោលគឺពួកគាត់បានសាទរសម្តេចតេជោ ហ៊ុន សែន។

បន្ទាប់មក ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក៏បានចេញសេចក្តីណែនាំ ស្តីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ហើយសេចក្តីណែនាំនេះមាន ១១ចំណុច។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។

បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា សាកលវិទ្យាល័យនេះ នឹងបើកឡើងវិញនាពេលខាងមុខដែរ ប៉ុន្តែសម្រាប់ទទួលតែសិស្សវិទ្យាសាស្ត្រ ដែលត្រូវការឧបករណ៍ពិសោធន៍ និងសិស្សដែលត្រូវសរសេរនិក្ខេបបទជាមុនសិន។ ពួកគាត់ចូលមក ត្រូវតែគោរពតាមនិយាម «ក្រសួងសុខាភិបាល និងក្រសួងអប់រំ» ខណៈដែលសិស្សដទៃទៀត ត្រូវបន្តរៀនតាមអនឡាញសិន រង់ចាំស្ថានការណ៍កាន់តែល្អប្រសើរ។

ចំណែកឯ បណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានថ្លែងថា សាកលវិទ្យាល័យរបស់លោក ក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ ចំពោះការបើកបង្រៀនក្នុងថ្នាក់ឡើងវិញនេះ គឺអនុវត្តតាមនិយាម និងតាមការណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាលដូចគ្នា។ ជាពិសេស «គោរពតាមការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងខ្ជាប់ខ្ជួន»

មិនខុសអ្វីនោះ គឺសាកលវិទ្យាល័យជាតិគ្រប់គ្រងបានរៀបចំខ្លួនជាស្រេច ហើយសាកលវិទ្យាល័យនេះ អះអាងថា «នឹងបើកដំណើរការឡើងវិញ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌរួច»។ នេះបើតាម បណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

សម្រាប់លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន, «ថ្នាក់ឧត្តមសិក្សានេះ មានសារៈសំខាន់ណាស់»។ ប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជារូបនេះ ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រមុខរាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យបើកដំណើរការថ្នាក់ឧត្តមសិក្សាឡើងវិញ។

មុននឹងការប្រកាសអនុញ្ញាតឱ្យបើកថ្នាក់កម្រិតឧត្តមសិក្សាឡើងវិញនោះ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចឱ្យបើកដំណើរការសាលារៀនឡើងវិញ ចាប់ពីអនុវិទ្យាល័យឡើងទៅផងដែរ ក្រោយពីស្ថានភាពរីករាលដាលជំងឺកូវីដ១៩ ថមថយមួយកម្រិត។ កម្រិតថ្នាក់ចាប់ពីអនុវិទ្យាល័យឡើងទៅ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ SOP ដែលជាគោលការណ៍សំខាន់ របស់ក្រសួងអប់រំ។

ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យបើកទ្វារថ្នាក់ឧត្តមសិក្សាឡើងវិញនេះ ក៏ត្រូវបានបណ្តាសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ ថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយពួកគាត់ចាត់ទុកថា ជាការគិតគូរដ៏ត្រឹមត្រូវ ក្នុងនាមជាអ្នកកាច់ចង្កូតរាជរដ្ឋាភិបាល៕

បណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន

បណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

បណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា