(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសថា វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ត្រូវបញ្ជូនពីប្រទេសអង់គ្លេសមកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ការបញ្ជូនត្រឡប់មកវិញនេះ ធ្វេីឡេីងតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូប្លាស ឡាចហ្វត (Douglas Latchford) ស្តីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយក្នុងនោះ មានវត្ថុបុរាណខ្មែរចំនួនជាង ១០០រូប សាងពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញបន្តបន្ទាប់។

ក្រសួងវប្បធម៌ បានបញ្ជាក់ថា បន្ថែមពីនេះទៅទៀត ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ក្នុងនោះមានបដិមាថ្ម ព្រះសិវស្កន្ទ (ព្រះឥសូរនិងព្រះស្កន្ទ) មកពីប្រាសាទកោះកេរ, បដិមាថ្មព្រះអឌ្ឍនារីស្វរៈ (ព្រះឥសូរនិងនាងឧមា) និងកន្សៃទូកសំរឹទ្ធ ត្រូវបញ្ជូនពីប្រទេសអង់គ្លេសមកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

រូបចម្លាក់ទាំង៥រូបនេះ នឹងយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្ល សំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅ ពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល៕