(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរលើកទឹកចិត្តដល់ក្រុមនិស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ដែលថ្មីៗនេះល្បីអំពីការបង្កើតដ្រូនហោះបាននោះ ឱ្យបន្តស្នាដៃបង្កើតឧបករណ៍ទំនើបៗទាន់សម័យ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ សំដៅលើកស្ទួយកិត្យានុភាព ក៏ដូចមោទនភាពជាតិ។

ការលើកឡើងបែបនេះរបស់លោក ហេង សួរ ធ្វើឡើងក្នុងឱកាសលោកដឹកនាំគណៈប្រតិភូរបស់ក្រសួង និងសប្បុរសជន ដែលមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងអ្នកឧកញ៉ា ឡេង ប្រុស សំណេះសំណាលជាមួយក្រុមនិស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងផ្តល់ការឧបត្ថម្ភគាំទ្រជាថវិកាជាទឹកប្រាក់ចំនួន ១៥,០០០ ដុល្លារអាម៉េរិក សម្រាប់ទ្រទ្រង់លើការស្រាវជ្រាវបន្ថែមរបស់ក្រុមនិស្សិតដែលមានសមត្ថភាពខ្ពស់ ក្នុងការផលិតដ្រូននេះឡើង។

លោករដ្ឋលេខាធិការបានកោតសរសើរថា ដ្រូនរបស់ក្រុមនិស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ពិតជាមិនចាញ់ដ្រូនដែលបង្កើតឡើងដោយបណ្តាប្រទេសរីកចម្រើនខាងបច្ចេកវិទ្យាទាំងនោះឡើយ។ លោករំពឹងយ៉ាងមុតមាំថា ស្នាដៃថ្មីៗបន្ថែមទៀតនឹងកើតចេញជាផ្លែផ្កាមានភាពទំនើបទាន់សម័យ ដើម្បីបម្រើតម្រូវការចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយក៏ជាការលើកស្ទួយកិត្យានុភាព ក៏ដូចមោទនភាពរបស់ជាតិសាសន៍ផងដែរ។

ចំពោះមោទនភាពមួយទៀតរបស់លោក ហេង សួរ គឺការចូលរួមប្រកួតប្រជែងស្នាដៃ និងសមត្ថភាព ការបង្កើតរ៉ូបូតរបស់និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលរៀបចំដោយស្ថានទូតជប៉ុន គឺតែងដណ្តើមបានពានរង្វាន់ជោគជ័យ។

ក្នុងនាមប្រធានសមាគមសហព័ន្ធសិស្ស និស្សិតអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លោក ហេង សួរ ពិតជាចង់ឃើញយុវជនកម្ពុជាមានការចាប់អារម្មរណ៍ទៅលើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនេះឲ្យបានកាន់តែច្រើន ដែលធ្វើឲ្យប្រទេសកម្ពុជាសម្បូរទៅដោយអ្នកវិទ្យាសាស្ត្រ។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា «សិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រអាចមានគំនិតផលិតសម្ភារប្រើប្រាស់បានច្រើន កែប្រែពីការប្រើកម្លាំងទៅជាប្រើឧបករណ៍បែបទំនើបជំនួសវិញ សម្រាប់បម្រើទៅលើផ្នែកសំណង់ កសិកម្មជាដើម»។

ទន្ទឹមនេះដែរ លោក ហេង សួរ ក៏បានលើកឡើងពីយុវជនមួយក្រុមទៀតជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រះយុគន្ធរ ដែលបានសម្រេចជោគជ័យលើការបង្ហោះគម្រូកូនផ្កាយរណបចូលទៅកាន់ស្រទាប់ទី២នៃផែនដី។ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា លោក ហេង សួរ និងគណៈប្រតិភូគ្រោងនឹងទៅលើកទឹកចិត្តដល់យុវជន ដែលបានបង្កើតស្នាដៃរបស់ពួកគេនេះឡើង។

ជាមួយនេះ លោកមានបំណងចង់ឲ្យសិស្សានុសិស្ស និស្សិតជំនាន់ក្រោយយកវិទ្យាសាស្ត្រធ្វើជាមូលដ្ឋានក្នុងការទាក់ចិត្តដល់អ្នកស្រាវជ្រាវ និងក្រុមហ៊ុនធំៗ ដើម្បីទទួលអាហារូបករណ៍បន្តការសិក្សាស្រាវជ្រាវជំនាញវិទ្យាសាស្ត្ររបស់ខ្លួន ឲ្យទទួលបានជោគជ័យមួយកម្រិតទៀត។

លោកថា ការរស់នៅរាល់ថ្ងៃ ដែលមានលក្ខណៈងាយស្រួលនេះ គឺពឹងផ្អែកទៅអ្នកវិទ្យាសាស្ត្រជំនាន់មុនបានធ្វើការសិក្សាស្រាវជ្រាវ បង្កើតបានជាសម្ភារទំនើបៗយ៉ាងច្រើន ដើម្បីបម្រើឲ្យសេចក្តីត្រូវការក្នុងការរស់នៅ។

លោកក៏បានលើកទឹកចិត្តដល់និស្សិតជំនាន់ក្រោយៗ ត្រូវបន្តស្នាដៃពីនិស្សិតជំនាន់មុន ដោយសិក្សាស្រាវជ្រាវបំពេញបន្ថែម ធ្វើយ៉ាងណាឲ្យគម្រោងនៃកិច្ចការស្រាវជ្រាវរបស់ខ្លួនកាន់តែទទួលជោគជ័យ៕