(ភ្នំពេញ)៖ «ផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩» ត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធហ្សូម (Zoom) ក្រោមអធិបតីភាព លោកស្រីកត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

បើយោងតាមការប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច, លោកស្រី ម៉ែន សំអន បានថ្លែងថា៖ «ការលើកកម្ពស់សិទ្ធិកុមារ និងកិច្ចការពារ កុមារ ជាការងាររបស់យើងទាំងអស់គ្នា ដែលតម្រូវឱ្យយើងរួបរួមគ្នាបំពេញការងារជាពហុវិស័យប្រទាក់ក្រឡាគ្នា»

លើសពីនេះទៀត លោកស្រីបន្តថា កិច្ចការពារកុមារ ក៏ត្រូវបាន ពិភពលោកកំពុងតែយកចិត្តទុកដាក់ និងរួមគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការរំលោភបំពានគ្រប់ទម្រង់ផងដែរ ហើយកម្ពុជា ជាប្រទេសដែលកំពុងបោះជំហានទៅមុខ ក្នុងការចួលរួមលើកិច្ចការងារនេះ យ៉ាងសកម្ម សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារ ដើម្បីជាឧត្តមប្រយោជន៍របស់កុមារគ្រប់រូប។

គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារត្រូវបានចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ដោយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅថ្ងៃទី២៩ ខែឧសភាឆ្នាំ ២០២០។ ដើម្បីជំរុញការអនុវត្តគោលនយោបាយជាតិ ស្ដីពីប្រព័ន្ធកិច្ចការពារកុមារនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានរៀបចំ «ផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩» ក្នុងគោលបំណងដើម្បីជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអនុវត្តផែនការនេះប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ការរកឃើញពីការស្ទង់មតិអំពើហិង្សាលើកុមារនៅកម្ពុជា ពីក្រសួងកិច្ចការនារីក្នុងឆ្នាំ២០១៤ បានបង្ហាញថា ស្ត្រី និងបុរសប្រហែល ៦នាក់ក្នុងចំណោម ១០នាក់នៅគ្រប់វ័យបានជួបប្រទះយ៉ាងហោចណាស់នូវទម្រង់នៃអំពើហិង្សារាងកាយអារម្មណ៍ និង ឬផ្លូវភេទក្នុងកំឡុងកុមារភាពរបស់ពួកគេ។ ជិតមួយភាគបួននៃស្ត្រី និងបុរសដែលមានអាយុពី ១៣ ទៅ ១៧ឆ្នាំត្រូវបានរាយការណ៍ថាបានជួបប្រទះអំពើហិង្សាច្រើនទម្រង់។ ស្ត្រីម្នាក់ក្នុងចំណោម ៥ នាក់ (២០%) និងបុរស ២៥% បានរាយការណ៍ពីការរំលោភបំពានផ្លូវចិត្តដោយឪពុកម្តាយ ឬមនុស្សពេញវ័យមុនអាយុ ១៨ឆ្នាំ។

គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ គឺជាយុទ្ធសាស្ត្របង្ហាញអំពីការប្តេជ្ញាចិត្តខិតខំជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើការអនុវត្តកិច្ចការពារកុមារដែលមានលក្ខណៈជាប្រព័ន្ធនៅកម្ពុជា និងជាបណ្តុំនៃវិធានបង្កើតឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការការពារកុមារពីការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់រូបភាព ដោយផ្អែកលើសសរស្តម្ភ៣ គឺ (១)ការបង្ការទប់ស្កាត់ (២)ការអន្តរាគម (៣)ការផ្តល់សេវានិងការឆ្លើយតប ដែលយើងត្រូវបំពេញជាលក្ខណៈប្រព័ន្ធមួយ។

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានថ្លែងថា ទោះបីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយបានបង្កើតនូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ និងកុមាររងគ្រោះយ៉ាងណាក៏ដោយ ក៏នៅមានកុមារមួយ ចំនួនកំពុងរស់នៅក្នុងស្ថានភាពលំបាករងគ្រោះ ដែលត្រូវការការគាំទ្រ និងអន្តរាគមន៍ជាចាំបាច់។

លោកបន្តថា៖ «យើងត្រូវតែពង្រឹងយន្តការអនុវត្តប្រព័ន្ធកិច្ចការពារកុមារ និងកសាងសមត្ថភាពធនធានមនុស្ស និងហិរញ្ញវត្ថុសម្រាប់អនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឱ្យមានប្រសិទ្ធភាពស្របតាមស្ថានភាពជាក់ស្តែងនៅឡើយ។ ម្យ៉ាងវិញទៀត បច្ចុប្បន្នការអន្តរាគមន៍ចំពោះកុមាររងគ្រោះរបស់យើង នៅដាច់ដោយឡែក ដោយដុំ មិនទាន់មានក្របខ័ណ្ឌការងារ និងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់នៅឡើយ។ ដូច្នេះ គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ច ការពារកុមារនេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយដោះស្រាយ បញ្ហាកុមារឱ្យមានលក្ខណៈជាប្រព័ន្ធ»

ប្រព័ន្ធការពារកុមារ គឺជាការប្តេជ្ញាចិត្តជាក់ស្ដែងមួយចំពោះការអនុវត្តការការពារកុមារជាប្រព័ន្ធនៅកម្ពុជារួមមាន៖

១៖ ភាពចាំបាច់ក្នុងការការវិនិយោគបន្ថែមលើមន្រ្តីសង្គម ឬបុគ្គលិកសង្គមកិច្ចនៅថ្នាក់ក្រោមជាតិដើម្បីលើក កម្ពស់សេវាគាំពារកុមារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល សង្គតិភាព និងទាន់ពេលវេលាសម្រាប់កុមារ និង គ្រួសារនៅក្នុងសហគមន៍។

២៖ ការបន្តធានាថាកុមារអាចទទួលបានសេវាផ្លូវច្បាប់ និងសមធម៌សង្គម តាមរយៈការផ្តល់នូវកញ្ចប់ អប្បបរមានៃ សេវាសង្គមកិច្ចសម្រាប់កុមារ និងគ្រួសារដែលត្រូវការកិច្ចការពារ។

៣៖ ការឆ្លើយតបទៅនឹងកុមារ និងគ្រួសាររបស់ពួកគេដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។

៤៖ ការបន្តប្រមូលផ្តុំ ពង្រឹង និងពង្រីកកម្មវិធីដែលមានស្រាប់សម្រាប់កិច្ចការពារកុមារ សំដៅបង្កើនប្រសិទ្ធភាព តម្លាភាព និងស្ថិរភាពឱ្យបានទូលំទូលាយ។

៥៖ ការធានាឱ្យបាននូវសង្គិតភាពនៃនីតិវិធី វិធានការ និងយន្តការដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហាកុមារ ដើម្បីបំពេញតម្រូវការ និងធានាការពារកុមារ ប្រកបបរិយាកាសគ្រួសារ ក្តីស្រឡាញ់ ការយកចិត្តទុកមាន លក្ខណកុមារមេត្រី និងធានានូវឧត្តមប្រយោជន៍ របស់កុមារ។

នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា អ្នកស្រី គ្វីននេត វ៉ង បានលើកឡើងថា ផែនការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ គឺជាសមទ្ធិផលដ៏អស្ចារ្យមួយទៀតដើម្បីលើកកម្ពស់កិច្ចការពារកុមារនៅកម្ពុជា។ នេះគឺជាការប្តេជ្ញាចិត្តជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើការពង្រឹងការអនុវត្តកិច្ចការពារកុមារជាប្រព័ន្ធនៅកម្ពុជា។ វិធីសាស្រ្តជាប្រព័ន្ធ ស្តីពីការអនុវត្តកិច្ចការពារកុមារទាមទារឱ្យយើងម្នាក់ៗធ្វើការរួមគ្នា និងធានាឲ្យបាននូវកិច្ចការពារកុមារ និងសំលេងរបស់ពួកគេ ជាពិសេសក្មេងស្រីដែលជាបេះដូងនៃការងាររបស់យើង។

លោកស្រីបន្ថែមទៀតថា៖ «អង្គការភ្លែនអន្តរជាតិកម្ពុជា ហើយខ្ញុំជឿជាក់ថាដៃគូអភិវឌ្ឍន៍ជាច្រើនទៀតបានត្រៀមខ្លួនគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យផែនការសកម្មភាពជាតិរយៈពេល ១០ ឆ្នាំខាងមុខនេះទទួលបានជោគជ័យសម្រាប់កុមាររាប់លាននាក់ ជាពិសេសកុមារី នៅកម្ពុជា»