(ភ្នំពេញ)៖ លោក ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Big C Supercenter (Cambodia) Co., Ltd ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Beril Jucker Public Company Limited (BJC) ប្រទេសថៃ ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីគម្រោងវិនិយោគផ្សារទំនើប Big C នៅក្នុងកម្ពុជា។

បន្ទាប់ពីបានស្តាប់នូវបទបង្ហាញរបស់គណៈប្រតិភូក្រុមហ៊ុន លោក ញឹម ខេមរា បានសម្តែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Big C នៅក្នុងកម្ពុជាផងដែរ។

លោក ញឹម ខេមរា ក៏បានប្រាប់គណៈប្រតិភូក្រុមហ៊ុន Big C Supercenter អំពី «យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» ដែលត្រូវបានដាក់ឲ្យអនុវត្ត ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានគោលដៅចូលរួមចំណែកសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្លាយទៅជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរកាន់តែទូលំទូលាយ ជាមួយភាគីពាក់ព័ន្ធ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ និងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិផងដែរ៕