(កណ្ដាល)៖ ពលរដ្ឋខ្មែរឥស្លាមប្រកបអាជីវកម្មសំឡេះសត្វពពែ តំណាងពលរដ្ឋទាំងជាង៣០០គ្រួសារ ស្ថិតនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានជួយស្ថាបនាផ្លូវក្នុងភូមិតាមរយ:លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងបំពាក់អំពូលភ្លើងសូឡាសំរាប់បំភ្លឺផ្លូវនាពេលរាត្រីផងដែរ។

អ្នកស្រី កូប សាចារ៉ោះ, លោក ម៉ាត់ ហ៊ីម និងអ្នកស្រី ហ៊ីម ម៉ារី ជាតំណាងពលរដ្ឋទាំងជាង៣០០គ្រួសារ បានគោរពថ្លែងអំណរគុណបំផុតទៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងអភិបាលខេត្តកណ្ដាល ដែលបានគិតគូរពីទុក្ខលំបាករបស់ពួកគាត់ជុំវិញបញ្ហាផ្លូវក្នុងភូមិ ដោយឧបត្ថម្ភនូវការស្ថាបនាផ្លូវមួយខ្សែ ព្រមទាំងដាក់អំពូលភ្លើងសូឡាបំភ្លឺផ្លូវនាពេលរាត្រី ដែលនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត ដ៏សណ្ដោសប្រណីរបស់ប្រមុខរាជរដ្ឋាភិបាល និងអភិបាលខេត្ត តែងតែគិតគូរ និងជួយដល់បងប្អូនប្រជារាស្ត្រគ្រប់ទិសទីដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ពួកគាត់បន្តទៀតថា កាលពីមុនផ្លូវនេះ ត្រូវបានខ្ទិចខ្ទីដោយសារតែការដឹកធ្ងន់ ព្រោះមានការអភិវឌ្ឍន៍នៅម្ដុំភូមិនេះ និងភូមិជិតៗ ដែលបណ្ដាលឲ្យផ្លូវមានការខូចខាត ពិបាកធ្វើដំណើរ ប៉ុន្តែគេក៏ឃើញខាងក្រុមដឹកទាំងនោះ បានដាក់ថ្មលុបបំពេញជង្ហុកវិញផងដែរ ហើយផ្លូវក៏ល្អស្អាតខ្លះ និងមានជង្ហុកខ្លះៗ។

លោក នឹម មាន មេភូមិព្រែកតាព្រហ្ម បានចូលរួមត្រេកអរផងដែរ ដែលខាងថ្នាក់លើជួយជ្តោមជ្រែងក្នុងការស្ថាបនាផ្លូវ ដោយការវាក់គ្រួសក្រហមជាបឋម ព្រោះផ្លូវនេះខាងក្រុមហ៊ុនកូរ៉េ គ្រោងស្ថាបនានាអំឡុងពេលដាច់ឆ្នាំ២០២១នេះ ហើយដោយសារតែស្ថានភាពបច្ចុប្បន្នជាតម្រូវការបន្ទាន់ ទើបលោកអភិបាលខេត្ត បានសម្រេចជួយស្ថាបនាផ្លូវចាក់គ្រួសក្រហមជាបឋមសិន ដើម្បីឲ្យពលរដ្ឋងាយស្រួលធ្វើដំណើរ៕