(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ឲ្យដឹងភ្លាមៗថា សម្តេចតេជោបានទទួលរួចហើយនូវលិខិតរបស់លោក យឹម ស៊ីណន នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ហើយលិខិតនេះសម្តេចក៏បានប្រគល់ ជូនទៅលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យមើលបញ្ហាទាំងឡាយ និងឲ្យខិតខំរកដំណោះស្រាយដើម្បីក្មួយៗទាំងអស់ចំនួន១០នាក់ ទទួលបានយុត្តិធម៌ ដែលតុលាការបានចោទប្រកាន់ពាក់ព័ន្ធករណីរដ្ឋប្រហារ៩ វិច្ឆិកា ខណៈលោក យឹម ស៊ីណន និងក្រុមរបស់ខ្លួនបានអះអាងតាមលិខិតថា ព្រឹត្តិការណ៍៩វិច្ឆិកា ដឹកនាំដោយ សម រង្ស៉ី ជាទង្វើខុសច្បាប់ទាំងស្រុង និងប្រមាថព្រះមហាក្សត្រ ហើយកន្លងមកក្រុមខ្លួនបានប្រកាសប្រឆាំងលើយុទ្ធនាការនេះ។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះធ្វើឡើង បន្ទាប់ពីលោក យឹម ស៊ីណន ជាអតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេស កូរ៉េខាងត្បូង បានសរសេរលិខិតមួយស្នើសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យជួយស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យដកការចោទប្រកាន់ទាំងឡាយ មកលើខ្លួន និងបក្ខពួក អំពីការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៩វិច្ឆិកា។

នៅក្នុងលិខិតលោក យឹម ស៊ីណន បានបញ្ជាក់ដូច្នេះថា៖ «សូមប្រណិបត្តិសម្តេចពីចម្ងាយ និងសូមសម្តែងនូវបេតិសោមនស្សក្រៃលែង ដែលបានឃើញ សម្តេចស្នើឱ្យមានដកការចោទប្រកាន់ ចំពោះ លោក បណ្ឌិត សេង សារី ។ នេះគឺជាសុភវិនិច្ឆ័យដ៏ត្រឹមត្រូវ គួរឱ្យកោតសរសើរ និងគោរពពីមតិជាតិ និង អន្តរជាតិ។ ក្នុងស្មារតីនេះ ខ្ញុំបាទ និងសហការី ដែលជាសមាជិកចលនាយុវជនចំនួនដប់រូបទៀត ក៏សូមសម្តេចមេត្តាស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ឱ្យដកការចោទប្រកាន់ទាំងឡាយដោយក្តីមេត្តា និងការអនុគ្រោះ»។

លោក យឹម ស៊ីណ្ណ បានរៀបរាប់ថា លោកបាទធ្លាប់ដឹកនាំការធ្វើបាតុកម្ម តស៊ូមតិអហិង្សា ដោយអនុវត្តតាមគោលការណ៍ និងលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ គោរពតាមរដ្ឋធម្មនុញ និងច្បាប់នានានៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាសាកល។ ប៉ុន្តែជាអកុសលចលនាធ្វើមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ បានបង្កឱ្យមានការជេរប្រមាថព្រះមហាក្សត្រ និងបំផុសឱ្យមានការបះបោរពីសំណាក់មហាជន និងកងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំង ទៅនឹងរដ្ឋាភិបាល។ល។ ដែលយុទ្ធនាការនេះ រូបលោក និងសហការីជិតស្និទ្ធទាំងនេះ មិនត្រឹមតែមិនគាំទ្រនោះទេ ថែមទាំងប្រកាសប្រឆាំងយ៉ាងដាច់អហង្កាទៀតផង។

«ដោយសារតែមូលហេតុនេះហើយ ទើបយើងខ្ញុំ ត្រូវបានបក្ខពួកជ្រុលនិយមក្នុងបក្សមួយចំនួននៃគណបក្ស សង្គ្រោះជាតិ វាយប្រហារ លាបពណ៌មួលបង្កាច់គ្រប់រូបភាព ដល់យើងខ្ញុំ។ នេះជារឿងអយុត្តិធម៌មួយ ហើយជាអកុសលមួយទៀតនោះ គឺយុទ្ធនាការខាងលើនេះបាននាំឱ្យមានការយល់ច្រឡំពីសំណាក់អាជ្ញាធរកម្ពុជា រហូតដល់មានការចោទប្រកាន់ ដល់ពួកយើងខ្ញុំថាបានចូលរួមជាមួយសកម្មភាពមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ នោះទៅវិញ ហើយថែមទាំងមានដីកាចាប់ ខ្លួនពីស្ថាប័នតុលាការទៀតផង»។ នេះបើតាមការបញ្ជាក់ក្នុងលិខិតរបស់ លោក យឹម ស៊ីណន។

សូមជំរាបថា ព្រឹត្តិការណ៍៩វិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានបង្កើតឡើងដោយ លោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដោយកំណត់ជាពេលវិលត្រឡប់មក ប្រទេសកម្ពុជាវិញ ជាមួយនឹងការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល និងអំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោរ។ ព្រឹត្តិការណ៍នេះ បណ្តាលឱ្យមានការចាប់ខ្លួនអ្នកចូលរួម និងអ្នកគាំទ្រមួយចំនួន៕