(រតនគិរី)៖ លោក ងិន ណែល អភិបាលក្រុងបានលុង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អាជ្ញាធរទុកពេល២សប្តាហ៍ឱ្យជីវករលក់ដូរលើចិញ្ចើមសាធារណៈ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ ក្រោយពីរៀបចំសុវត្ថិភាពជុំវិញផ្សារបានលុងរួចរាល់ ហើយក្រុមការងារនឹងរៀបចំឱ្យក្រុមអាជីវករចូលលក់ក្នុងផ្សារវិញ ដើម្បីចៀសវាងជួបហានិភ័យ នៃការចម្លងជំងឺកូវីដ១៩។

លោក ងិន ណែល បានបបញ្ជាក់ថា៖ «ដោយសារជារៀងរាល់ថ្ងៃ អ្នកវិជ្ជមានជំងឺកូវីដ១៩ នៅតែរកឃើញបន្តបន្ទាប់នៅក្នុងក្រុងបានលុង ក៏ដូចជាតំបន់មួយចំនួនទូទាំងខេត្តរតនគិរី ហើយផ្សារបានលុង ក៏កំពុងត្រូវបានរៀបចំសោភ័ណភាពតាមស្តង់ដាផងដែរ។ ដើម្បីបញ្ជៀសការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងផ្សារបានលុងនោះ លោកទុកពេលចំនួន២សប្តាហ៍ទៀត ឱ្យពួកគាត់លក់ដូរជាធម្មតាលើចិញ្ចើមសាធារណៈសិន ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារពួកគាត់»

ក្រុមអាជីវករដែលលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ បានលើកឡើងថា ការអង្គុយលក់របស់ពួកគាត់រាល់ថ្ងៃនេះមានភាពប្រសើរ សុវត្ថិភាពព្រោះកន្លែងលក់នេះមានភាពទូលំទូលាយ គម្លាតគ្នាពីកន្លែងមួយទៅកន្លែងមួយ ហើយការចូលលក់ក្នុងផ្សារបានលុង ពេលនេះគឺមិនទាន់រៀបចំតូបលក់ដូររួចរាល់១០០% នៅឡើយទេ ដែលករណីវិជ្ជមានជំងឺកូវីដ១៩ នៅតែរកឃើញជាបន្តបន្ទាប់ដែលជាការព្រួយបារម្ភផងដែរ។

ក្រុមអាជីវករបន្តថា ទោះបីអាជ្ញាធរក្រុងបានលុង អនុញ្ញាតឱ្យពួកគាត់ចូលលក់ដូរក្នុងផ្សារបានលុងឡើងវិញក្តី ប៉ុន្តែបច្ចុប្បន្ននេះការលក់លើចិញ្ចើមផ្លូវសាធារណៈមានភាព្រសើរជាងក្នុងផ្សារ ព្រោះកន្លែងលក់ដូរមានភាពចង្អៀត រីឯបរិវេណខាងក្រៅផ្សារទីកន្លែងលក់មានភាពទូលាយ គម្លាតសុវត្ថិភាពមានហានិភ័យទាបជាងក្នុងផ្សារ តែទោះយ៉ាងនេះក្តីក៏ពួកគាត់គោរពអនុវត្តវិធានសុខាភិបាល «៣កុំ និង៣ការពារ»។

ក្រុមអាជីវករខាងលើបញ្ជាក់បន្ថែមថា កន្លែងលក់ដូរលើចិញ្ចើមផ្លូវសាធារណៈនេះ មានការរៀបចំសណ្តាប់ធ្នាប់ពីសាលាក្រុងហើយពួកគាត់បង់លុយ១កន្លែង ក្នុង១ថ្ងៃ ២,០០០រៀល ទៅឱ្យខាងសាលាក្រុងបានលុង និង៥០០រៀល ឱ្យទៅខាងអនាម័យផងដែរ។

ទាក់ទិនទៅនឹងការបង់លុយឱ្យទៅខាងអនាម័យផងដែល លោក ងិន ណែល បានឱ្យដឹង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ «ចំពោះយកកម្រៃសេវាពីពួកគាត់ចំនួន ២០០០រៀលរាល់ថ្ងៃនេះ គឺសម្រាប់ចំណាយលើកម្លាំងរៀបចំ សណ្តាប់ធ្នាប់ និងការពារសន្តិសុខ ហើយថវិកាមួយចំនួនទៀត ចំណាយលើការទិញម៉ាស់ ទិញអាកល់ប្រើប្រាស់។ រីឯថវិកាអនាម័យចំនួន៥០០រៀលក្នុង១កន្លែង សម្រាប់យកទៅចំណាយលើការសម្អាតអនាម័យ ឱ្យមានសោភ័ណភាពក្នុងក្រុងទាំងមូល»។

សូមរំលឹកថា អាជ្ញាធរក្រុងបានបិទខ្ទប់ផ្សារក្រុងបានលុងចំនួន២លើករួចមក ដោយសារតែមានករណីផ្ទុះជំកូវីដ១៩ លើក្រុមអាជីវករជាច្រើននាក់។ ដោយមានក្តីកង្វល់ចំពោះស្ថានភាពជំងឺកូវីដ១៩ ផ្ទុះឡើងវិញជាច្រើនករណី នៅក្នុងបានលុង និងទីកន្លែងផ្សេងទៀត ទូទាំងខេត្តជាបន្តបន្ទាប់នោះមន្ត្រីរាជការ និងប្រជាពលរដ្ឋសំណូមពរទៅ លោក ថង សាវុន ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូដ១៩ ខេត្តរតនគិរី មេត្តាពិនិត្យហាងផឹកស៊ីមួយចំនួន លួចបើខារ៉ាអូខេ លួចលាក់ដែលក្រុមស្ត្រីបម្រើសេវាកម្មមកពីបណ្តាខេត្តផ្សេងដែលអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងមិនបានដែលមានហានិភ័យខ្ពស់ នៃការរីករាលដាលជំងឺកូវីដ១៩៕