(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្តែងការសោកស្តាយ ចំពោះការរៀបចំសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដោយតំណាងរាស្រ្តមួយចំនួនរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ លោកជឿជាក់ថា សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ។
ការលើកឡើងរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ ឬ Cambodia Democracy Act of 2021 ត្រូវបាន លោក Alan Lowenthal តំណាងរាស្រ្តអាមេរិក អះអាងនៅថ្ងៃទី២៩ ខែកញ្ញា នេះថា ត្រូវបានរដ្ឋសភាអាមេរិកអនុម័ត ប៉ុន្តែលោកមិនបានបង្ហាញបន្ថែមឡើយថា សេចក្តីស្នើច្បាប់នេះនឹងទៅដល់ដៃព្រឹទ្ធសភា និងប្រធានាធិបតីអាមេរិកនៅពេលណានោះទេ។
សម្រាប់ លោក ផៃ ស៊ីផាន, នេះជាព័ត៌មានគួរឱ្យសោកស្ដាយមួយ ដែលសេចក្តីស្នើច្បាប់របស់សភាជាន់ទាបសហរដ្ឋអាមេរិក មានឈ្មោះថា «ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១» ឬ «H.R 4686» ផ្ដោតលើការទាក់ទណ្ឌកម្មលើមន្រ្ដីរដ្ឋាភិបាលកម្ពុជាមួយចំនួន ដែលជាការចោទប្រកាន់យ៉ាងអយុត្តិធម៌ ប្រាសចាកពីការពិតជាក់ស្ដែង គ្រាដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងកសាងនូវរបបនីតិរដ្ឋ ដែលជាកិច្ចប្ដេជ្ញារបស់ខ្លួន ដើម្បីសង្គមខ្មែរជាសង្គមប្រជាធិបតេយ្យ។
«សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ។ ដ្បិតរដ្ឋាភិបាលអាមេរិក តំណាងដោយលោកជំទាវ Wendy Sherman អនុរដ្ឋមន្រ្ដីការបរទេស ទើបបានមកធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីខែមិថុនា បង្ហាញយ៉ាងជាក់ស្ដែងនូវការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ អាស្រ័យហេតុដូចនេះ សេចក្ដីស្នើច្បាប់នេះ ជាស្នូលនៃឧបសគ្គមួយ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ទោះបីក្នុងបរិបទទេ្វភាគី ក៏ដូចជាពហុភាគី នៅក្នុងតំបន់អាស៊ាន ដែលជារឿងគួរសោកស្ដាយបំផុត»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។
សេចក្តីស្នើច្បាប់ស្នើស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១នេះ ត្រូវបានស្នើឡើងដោយ លោក Steve Chabot អ្នកតំណាងរាស្ត្រ នៃបក្សសាធារណរដ្ឋប្រចាំនៅ រដ្ឋ Ohio និង លោកAlan Lowenthal អ្នកតំណាងរាស្ត្រ នៃគណបក្សប្រជាធិបតេយ្យប្រចាំនៅរដ្ឋ California ដែលអ្នកតំណាងរាស្រ្តទាំង២រូបនេះ តែងចេញមុខវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់នាពេលកន្លងទៅ៕