(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ពេលនេះកំពុងសិក្សា ក្នុងស្នើសុំរាជរដ្ឋាភិបាលកម្ពុជា លើកលែងទិដ្ឋាការដល់អ្នកទេសចររុស្ស៊ី ដើម្បីឲ្យពួកគេបានមកទស្សនាកំសាន្ត នៅ​កម្ពុជា ដូចជានៅបណ្តាប្រទេស មួយចំនួនក្នុងតំបន់។ ការបង្ហាញពីការសិក្សាស្នើសុំទិដ្ឋាការនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ រវាងវិស័យឯកជន ដែលធ្វើការលើវិស័យទេសចរណ៍ ជាច្រើននៅកម្ពុជា​ជាមួយរដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងមន្រ្តីជំនាញពាក់ព័ន្ធ នៅទីស្តីការក្រសួងទេសចរណ៍នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦។

លោក ថោង ខុន បានបញ្ជាក់ថា « រុស្ស៊ី ភាគច្រើនគេដើរលែង នៅរដូវត្រជាក់ នៅប្រទេសគេ ហើយជនជាតិរុស្ស៊ី១០០នាក់មានលិខិត ឆ្លងដែន (Passport) ប្រមាណជា១៦នាក់ មានន័យថា ពលរដ្ឋរុស៊្សីជិត១៥៦លាននាក់មាន Passport កាន់តែជាង១៦ភាគរយតែ ប៉ុណ្ណោះ។ ដូច្នេះបានជារដ្ឋាភិបាលរុស្ស៊ី និងវិស័យឯកជន ដែលរកស៊ីលើវិស័យទេសចរណ៍ មើលឃើញពី​កំណើនភ្ញៀវ​ទេសចរ​របស់ប្រទេសមួយនេះ ទើបយើងកំពុងសិក្សាក្នុងការ​ស្នើសុំឲ្យរាជរដ្ឋាភិបាល លើកលែងទិដ្ឋាការ និងសម្រួលទៅលើ លិខិតឆ្លងដែន ដើម្បីទាញយក​ភ្ញៀវទេសចរ ប្រទេសរុស្ស៊ី​មកកាន់កម្ពុជា​ឲ្យបានច្រើន»

បើតាមការអះអាងរបស់មន្រ្តីក្រសួងទេសចរណ៍កម្ពុជា, ភ្ញៀវទេសចររុស្សីធ្វើដំណើរកំសាន្តក្រៅប្រទេសក្នុង១ឆ្នាំប្រហែល ៣១លាននាក់ ក្នុងចំណោមប្រជាជនជាង ១៤៣ លាននាក់​។ ភ្ញៀវទេសចរ​រុស្សីមក​ទស្សនាកម្ពុជា ឆ្នាំ២០១៣ មាន ១៣១ ៦៧៥ (កើន ៣២%) ប៉ុន្តែឆ្នាំ២០១៤ មាន ១០៨ ៦០១ (ថយ ១៧,៥%) និងឆ្នាំ២០១៥ មាន ៥៥ ៥០០ (ថយ ៤៨,៩%)។ ទីផ្សាររុស្ស៊ីជា​ប្រភពទីផ្សារទេសចរណ៍​ដ៏សំខាន់របស់កម្ពុជា៕

Advertising