(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ និស្សិតកម្ពុជា២រូប ដែលបានផលិត Drone ដឹកមនុស្សសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យដោយជោគជ័យ បានទទួលថវិកាចំនួន១៥០០០ដុល្លារ ជាការលើកទឹកពីលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ឧកញ៉ា ឡេង ប្រុស។ ពិធីប្រគល់អំណោយនេះបានធ្វើឡើង នៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC)។

និស្សិតកម្ពុជាពីររូប ផលិតដ្រូនដឹកមនុស្ស ឬ Human Carrier Drone ដោយជោគជ័យ គឺកើតឡើងដោយមានកិច្ចសហការរវាងលោក ឡុញ វ៉ាន់សិទ្ធ និស្សិតឆ្នាំទី៤ ផ្នែកវិស្វកម្មអេឡិចត្រូនិក និងលោក ជ្រោយ សុធារ៉ា និស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មមេកានិក ដែលពួកគេទាំងពីររូប កំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC)។ ការផលិតឡើងនោះ ក្នុងគោលបំណងសិក្សា និងចង់ចូលរួមចំណែករំលស់បញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យលើអគារខ្ពស់ៗជាដើម។

នៅក្នុងឱកាសនោះ លោក ហេង សួរ បានកោតសរសើរ និងលើកទឹកចិត្តលើភាពវ័យឆ្លាតរបស់ក្រុមនិស្សិតដែលបានផលិត Drone ដែលអាចដឹកមនុស្សបាន គឺពិតជាខ្លាំង ក្នុងនោះលោកបានណែនាំឲ្យពួកគេ ព្យាយាមសិក្សាបន្ថែមទៀតលើ ការផលិត Drone នេះ ដើម្បីឲ្យកាន់តែមានគុណភាព។

ជាការលើកទឹកដល់ក្រុមនិស្សិតទាំងនោះ លោក ហេង សួរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកឧកញ៉ា ឡេង ប្រុស បានឧបត្ថម្ភទឹកប្រាក់ម្នាក់៥០០០ដុល្លារ ដែលសរុបថវិកាទាំងអស់មានចំនួន១៥០០០ដុល្លារ ជូនដល់ក្រុមនិស្សិតដែលបានផលិត Drone នោះផងដែរ។

លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានស្វាគមន៍ក្នុងការទទួលនិស្សិតដែលអ្នកឧកញ៉ា គ្រោងបញ្ជូនមកនោះដោយក្ដីរីករាយ។

ក្រៅពីការលើកទឹកចិត្តទាំងការផ្ដល់ជាគំនិតក៏ដូចជាប្រាក់កាស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានបំណងចង់ឲ្យសិស្សនិស្សិតដែល អ្នកឧកញ៉ាគ្រោងផ្ដល់អាហារូបករណ៍១៥០កន្លែង សម្រាប់ឆ្នាំសិក្សាថ្មីខាងមុននេះ អាចជ្រើសរើសមកចូលសិក្សានៅវិទ្យាស្ថានខាងនេះផងដែរ។

គូរបញ្ជាក់ផងដែរថា Drone ដឹកមនុស្សដែលក្រុមនិស្សិតនៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ផលិតឡើងនេះមានទម្ងន់សរុប ១២៥គីឡូក្រាម មានកៅអី១ ដៃបែកខ្នែងជា ៤ បំពាក់ស្លាបចំនួន ៨ វាមានសមត្ថភាពផ្ទុកទម្ងន់មនុស្ស ៦០គីឡូក្រាមចុះក្រោម និងអាចហោះត្រឹមកម្ពស់ពី ៥-៦ ម៉ែត្រ និងចម្ងាយប្រមាណ ១០០ម៉ែត្រ ខណៈវាស្ថិតក្នុងដំណាក់កាលសាកល្បង និងបន្ដអភិវឌ្ឍបន្ថែមទៀត។ ស្នាដៃរបស់និស្សិតកម្ពុជាខាងលើនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីបណ្ដាញសារព័ត៌មានអន្តរជាតិល្បីៗជាច្រើនផងដែរ៕