(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យសាកសួរសុខទុក្ខ និងនាំយកថ្នាំឱសថចិន ព្យាបាលជំងឺកូវីដ ១៩ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគេន និងផ្តល់ជូន ព្រះសង្ឃ តាជី យាយជី កូនសិស្ស និស្សិត ដែលកំពុងធ្វើចត្តាឡីស័កនៅវត្តចំនួន៤ ក្នុងមូលដ្ឋានខណ្ឌមានជ័យ។

លោក ឌី រ័ត្នខេមរុណ បានឲ្យដឹងថា វត្តនីមួយៗ ទទួលបានរួមមាន៖

*ទី១៖ វត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម មានអ្នកកំពុងធ្វើចត្តាឡីស័ក៦៧អង្គ/នាក់ ក្រោយរកឃើញ៣អង្គ-អ្នកវិជ្ជមាន

*ទី២៖ វត្តសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ អ្នកកំពុងធ្វើចត្តាឡីស័ក១១០ អង្គ/នាក់ ក្រោយរកឃើញវិជ្ជមាន១អង្គ

*ទី៣៖ វត្តដំបូកខ្ពស់ សង្កាត់បឹងទំពន់ទី២ អ្នកកំពុងធ្វើចត្តាឡីស័ក ៨៨ អង្គ/នាក់ ក្រោយរកឃើញវិជ្ជមាន៣អង្គ/នាក់

*ទី៤៖ វត្តអង្គពោធិញាណ សង្កាត់ស្ទឹងមានជ័យទី២ អ្នកកំពុងធ្វើចត្តាឡីស័ក ៣៩ អង្គ/នាក់ ក្រោយរកឃើញវិជ្ជមាន១នាក់។ សរុបចំនួនអ្នកកំពុងធ្វើចត្តាឡីស័កទាំង៤វត្ត ក្នុងសង្កាត់ទាំង៤ មានចំនួន ៣០៤ អង្គ/នាក់។

ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ បានផ្តាំការសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង ជាពិសេសប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែយកចិត្ដទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ជាពិសេសព្រះសង្ឃ តាមបណ្តាវត្តនានាទូទាំងប្រទេស ដែលកំពុងទទួលរងនូវផលប៉ះពាល់នៃជំងឺកូវីដ១៩។

លោក ឌី រ័ត្នខេមរុណ ក៏បានណែនាំដល់សិស្ស និស្សិត តាជី យាយជី ព្រះសង្ឃ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ត្រូវចូលរួមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា វិធានការរបស់ប្រមុខរាជរដ្ឋាភិបាល គឺ «៣ការពា និង៣កុំ» ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ។

ក្នុងឱកាសនោះ លោក ឌី រ័ត្នខេមរុណ បានប្រគល់ និងប្រគេន ជូនថ្នាំឱសថបុរាណចិនការពារជំងឺកូវីដ-១៩ របស់លោក ឃួង ស្រេង ចំនួន៣០៤កញ្ចប់ ទាំង៤វត្ត ដែលកំពុងធ្វើចត្តាឡីស័កក្នុងមូលដ្ឋានខណ្ឌមានជ័យ៕