(ភ្នំំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជូនសាធារណជន និងបណ្តាញសារព័ត៌មានថា លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មិនធ្លាប់បានស្គាល់ក្រុមហ៊ុន ដែលបានចុះបញ្ចីនៅ British Virgin Islands ហើយក៏មិនធ្លាប់បានទិញភាគហ៊ុន ក្នុងក្រុមហ៊ុនបរទេសណាមួយឡើយ។

ក្រសួងយុត្តិធម៌ ចាត់ទុកថា ព័ត៌មានដែលបានផ្សាយថា លោកក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចំណាយប្រាក់៥០០០ដុល្លារ ដើម្បីទិញភាគហ៊ុនចំនួន៥០០០ដុល្លារ នាឆ្នាំ២០០៧ នៅក្នុងក្រុមហ៊ុនដែលបានចុះបញ្ចីនៅ British Virgin Islands គឺមិនពិតនោះទេ។ ព័ត៌មានមិនពិត នេះអាចធ្វើឲ្យសាធារណជន មានការភ័នច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

ក្រសួងយុត្តិធម៌ក៏សូមអំពាវនាវឲ្យបណ្តាញសារព័ត៌មាន ពិនិត្យផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់នូវប្រភពព័ត៌មាន និងឯកសារពាក់ព័ន្ធនានា មុននឹងមានការចុះផ្សាយ ដើម្បីជៀសវាងកុំឲ្យប៉ះពាល់ដល់កិត្តិយស​ របស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕

Advertising