(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រមការងារ នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចុះប្រគល់ជូនដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ៥៦គ្រួសារ ក្នុងនោះគ្រួសារចាស់ជរាគ្មានទីពឹង គ្រួសារជនពិការ គ្រួសារកុមារកំព្រា គ្រួសារស្ត្រីមេម៉ាយ កូនច្រើនគ្រួសារ មានសមាជិកមានជំងឺរ៉ាំរ៉ៃ និងក្រុមគ្រួសារដែលទីទ័លក្រខ្លាំងរស់នៅតាមបណ្ដាភូមិនានា នៅសង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។

នាឱកាសនោះលោក ធឹម សំអាន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកផងដែរ។

លោក ធឹម សំអាន បានគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរ ជានិច្ចទៅដល់ប្រជាជន ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋជានិច្ច ក្នុងគ្រាដែលប្រជាពលរដ្ឋជួបការលំបាក ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា សម្តេចទាំងទ្វេរមិនបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយមិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនា ឡើយ។

ជាមួយគ្នានេះលោក ធឹម សំអាន បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់ បន្តចូលរួមអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រទាំង៥៦គ្រួសារនេះមានក្នុង ១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម មី១០កញ្ចប់ ទឹកស៊ីអ៊ីវ ទឹកត្រី តែ៣កញ្ចប់ ជែលលាងដៃ ត្រីខកំប៉ុង១យួរ និងមានម៉ាសផងដែរ៕