(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ បានចេញដីកាឃុំខ្លួន បុរសជនជាតិវៀតណាម៤នាក់ ដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ ពីបទឆ្លងដែន និងធ្វើការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ នៅដែនសមុទ្រនៃស្រុកគិរីសាគរ ខេត្តកោះកុង។

កម្មករនេសាទជនជាតិវៀតណាមទាំង៤នាក់ ក្នុងចំណោម២៨នាក់ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃចាប់ខ្លួន ខណៈដែលពួកគេ លួចឆ្លងដែនចូលប្រទេសកម្ពុជា គ្មានលិខិតឆ្លងដែន និងលួចនេសាទត្រី-មឹក យកលក់សំរាប់ធ្វើជី និងធ្វើចំណីសត្វ ដោយប្រើប្រាស់ទូកអូសគូរមានភ្ជាប់ចរន្តអគ្គិសនី ក្នុងដែនទឹកស្រុកបុទុមសាគរ ខេត្តកោះកុង ប្រទេសកម្ពុជា។

ជនជាតិវៀតណាមទាំង៤នាក់ បានសារភាពថា ពួកគេមិនមានតែគ្នា២៨នាក់នោះទេ តែក្រុមរបស់ពួកគេមានទូកអូសគូរជាច្រើនរាប់សិបទូកទៀត និងមានកម្មកររាប់រយនាក់ ដែលកំពុងអូសក្នុងដែនទឹកកម្ពុជា។ ជនជាតិវៀតណាមទាំងនេះ បានបន្តទៀតថា ការចូលអូសត្រី-មឹក នេះដោយមានការគាំទ្រពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅទីនោះ។

តាមរយៈអង្គភាព Fresh News មជ្ឈដ្ឋានមួយចំនួនសូមធ្វើការអំពាវនាវ ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតំបន់នោះ មិនគួរបន្តឲ្យមានការចូលនេសាទដោយខុសច្បាប់ទៀតទេ វាខុសនឹងគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕