(កណ្ដាល)៖ រដ្ឋបាលខេត្ដកណ្ដាល បានបន្តអនុវត្តវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ក្នុងរយៈពេល១៤ថ្ងៃ ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៩ ខែកញ្ញ នេះ។

រដ្ឋបាលខេត្ដបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានបន្តអនុវត្តវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មីប្រភេទ Delta»

រដ្ឋបាលខេត្ដ បានបន្ដថា ក្នុងអំឡុងពេលនៃការបន្តអនុវត្តវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាព មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដូចខាងក្រោម៖

*ទី១៖ អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែកបៀហ្គាឌិន និងកាស៊ីណូ
*ទី២៖ អាជីវកម្មម៉ាស្សា សូណា និងស្ទឹមគ្រប់ប្រភេទ
*ទី៣៖ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
*ទី៤៖ រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។

បន្ថែមពីនេះទៀត ក្នុងអំឡុងពេលបន្តអនុវត្តវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស ជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី១៥នាក់ លើកលែងតែចំពោះករណី ដូចខាងក្រោម៖

*ទី១៖ ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ និងរង្វង់សាច់ញាតិ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា
*ទី២៖ ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេល យកសាកសពទៅវិភាគរកមេរោគកូវីដ១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន
*ទី៣៖ ការជួបជុំរបស់សា្ថប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
*ទី៤៖ ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
*ទី៥៖ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់
*ទី៦៖ ការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
*ទី៧៖ ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលា
*និងទី៨៖ ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀត តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច៕

ខាងក្រោមនេះជា សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដកណ្ដាល៖