(ភ្នំពេញ)៖ ក្រុមសាមគ្គីដែលផលិតអំបិលនៅភូមិសាស្ត្រមណ្ឌលបឹងទូក ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ជាក្រុមផលិតអំបិលចាប់តាំងពីអំឡុងទស្សវត្សឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន, នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈមេធាវីរបស់ខ្លួនបានថ្លែងប្រាប់ឲ្យដឹងថា ដីរបស់ពួកគាត់ចំនួន២៤ហិចតា នៅទីតាំងខាងលើនេះត្រូវបាន រាជរដ្ឋាភិបាល ប្រគល់ជូនក្រុមសាមគ្គីផលិតអំបិល ដើម្បីកាន់កាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខណៈក្រសួងស្នើសុំឲ្យអាជ្ញាធរខេត្តអនុវត្តសេចក្តីសម្រេចនេះ ព្រោះដីទីតាំងនេះកំពុងមានអ្នកអំណាចឃុបឃិតគ្នារំលោភបំពានបូមចាក់ខ្សាច់ ដោយមិនខ្លាចរអាច្បាប់បន្តិចណាឡើយ។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០កន្លងទៅបានធ្វើលិខិត ស្នើឲ្យអភិបាលខេត្តកំពត ចាត់វិធានការ និងដាក់បណ្តឹង ដើម្បីព្រះរាជអាជ្ញាអនុវត្តច្បាប់ ចំពោះជនរំលោភបំពានដីស្រែអ៊ូសម្រាប់ផលិតអំបិល នៅមណ្ឌលបឹងទូក ភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត (មានលិខិតនៅខាងក្រោម)។

ជាមួយនេះដែរ លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានចេញលិខិតមួយគោរពជូនអភិបាលខេត្តកំពត ដោយស្នើឲ្យពិនិត្យ និងចាត់វិធានការកាយបើកផ្លូវទឹក ដែលបានបូមខ្សាច់លុបឲ្យបានឆាប់តាមការសម្រេច របស់ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (មានលិខិតនៅខាងក្រោម)។

ក្រុមសាមគ្គីផលិតអំបិល បានរៀបរាប់អំពីប្រវត្តិនៃទំនាស់ទាំងស្រុងដូចខាងក្រោម៖

 នៅឆ្នាំ២០០៦ តាមរយៈលិខិតលេខៈ ១៨១៩ ឧរថ.ឧតស ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៦ របស់ក្រសួងឧស្សហកម្ម រ៉ែ និងថាមពល បានស្នើសុំផ្តល់កម្មសិទ្ធិដីស្រែអំបិល ដល់ក្រុមសាមគ្គីចំនួន ៧១ក្រុម មានសមាជិកចំនួន១៥៧គ្រួសារ លើផ្ទៃដីចំនួន ១៣១៦ហិកតា បន្ទាប់ពីមានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទីស្តីការគណៈរដ្ឋមន្ត្រីចេញលិខិតលេខៈ ១៤៣២ សជណ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០០៦ បានសម្រេចយល់ព្រមតាមសំណើ ប្រគល់កម្មសិទ្ធិជូនប្រជាជនក្រុមសាមគ្គីផលិតអំបិលចំនួន ៧១ក្រុម ក្នុងនោះមណ្ឌលបឹងទូកចំនួន ០៦ ក្រុម ទទួលបានមួយក្រុម ចំនួន ០៤ ហិកតា សរុបទាំងអស់មានចំនួន ២៤ហិកតា។

នៅអំឡុងខែកក្កដា ឆ្នាំ២០០៧ មន្ទីរឧស្សាហ៏កម្ម រ៉ែ និងថាមពល ខេត្តកំពត បានចុះធ្វើការវាស់វែង និងចេញប្លង់បង្ហាញទីតាំង និងទំហំដីឲ្យក្រុមសាមគ្គីផលិតអំបិល មណ្ឌលបឹងទូក ប៉ុន្តែនៅពេលក្រុមការងាររបស់មន្ទីរឧស្សាហ៏កម្ម រ៉ែ និងថាមពល ចុះវាស់វែងនោះស្របពេលដែលមានទឹកជោរឡើងខ្លាំងធ្វើឲ្យក្រុមការងារមានការពិបាក ដើរលុយទឹក និងមិនអាចចុះទៅវាស់ដល់ព្រំខាងចុងដីជាប់សមុទ្របាន ដូច្នេះទំហំដីក្នុងប្លង់បង្ហាញទីតាំងដីបានត្រឹមតែចំនួន ២២,០៩ហិកតា តែប៉ុណ្ណោះ ដែលផ្ទៃដីនេះខុសពីទំហំផ្ទៃដីតាមលិខិតលេខៈ ១៤៣២ សជណ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០០៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានប្រគល់ឲ្យមកក្រុមសាមគ្គីចំនួន ២៤ហិកតា ពេលនោះក្រុមការងារបានបញ្ជាក់ប្រាប់ក្រុមសាមគ្គីថា មិនបាច់វាស់ដល់ចំណុចព្រំខាងចុងជាប់សមុទ្រទេ ព្រោះដីនោះជាដីដែលក្រុមសាមគ្គីបានកាន់កាប់ និងជាផ្លូវទឹកសម្រាប់បង្ហូរទឹកសមុទ្រចូលស្រែអំបិល ម៉្យាងដីនេះរាជរដ្ឋាភិបាលបានប្រគល់ឲ្យ ក្រុមសាមគ្គីហើយមិនមានអ្នកណាមានសិទ្ធិយកដីនោះទេ។

ស្រាប់តែនៅដើមឆ្នាំ២០២០ មានបុគ្គលឈ្មោះ គង់ សំណាង និងបក្សពួកដែលជាមន្ត្រីជាន់ខ្ពស់មានអំណាច និងឥទ្ធិពលនៅខេត្តកំពតបានយកសាឡង់ មកបូមខ្សាច់ចាក់លុបអាងស្តុកទឹកសម្រាប់ផលិតអំបិលរបស់ក្រុមសាមគ្គី ដែលកំពុងផលិតអំបិលរាល់ថ្ងៃនេះ បានធ្វើឲ្យមានរាំងស្ទះនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការផលិតអំបិលយ៉ាងខ្លាំងព្រោះគ្មានទឹកសមុទ្រសម្រាប់យកមកផលិតអំបិល ការបូមខ្សាច់នោះបានបិទនិងលុបអាងស្តុកទឹក ទោះបីជាក្រុមសាមគ្គីបានទៅឃាត់ និងរាបាយការណ៍ជូនអាជ្ញាធរមូលដ្ឋានក៏ឈ្មោះ គង់ សំណាង និងបក្សពួកមិនព្រមបញ្ឈប់បូមដែរ ដោយសំអាងទៅលើលិខិតផ្ទេរសិទ្ធិកាន់កាប់ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយលោកស្រី មួល សុខុម មេឃុំបឹងទូក ដែលមិនមានបញ្ជាក់នូវទំហំដី។

លុះត្រាតែក្រុមសាមគ្គីស្នើសុំដីកាសម្រេចរក្សាការពារពីសាលាដំបូងខេត្តកំពត និងបានចុះអនុវត្តទើបឈ្មោះ គង់ សំណាង និងបក្សពួកព្រមឈប់បូមខ្សាច់លុបអាងស្តុបទឹក ឬស្រែអ៊ូនោះ ។ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ក្រុមសាមគ្គីផលិតអំបិលបានដាក់ពាក្យសុំអន្តរាគមន៍ទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ បន្ទាប់មកក្រសួងបានឲ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ខេត្តកំពតចុះមកពិនិត្យ និង ធ្វើរបាយការណ៍ជូនក្រសួង។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ក៏បានចេញលិខិតលេខៈ ៩១៩ MISTI/២០២០ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ករណីបូមខ្សាច់លុបដីឆ្នេរសមុទ្រ ក្រសួងដែនដីក៏បានចាត់ឲ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាចុះធ្វើការត្រួតពិនិត្យលើករណីបូមខ្សាច់លុបអាងស្តុបទឹក ឬស្រែអ៊ូនេះ។

បន្ទាប់ពីចុះត្រួតពិនិត្យក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជាបានចេញរបាយការណ៍ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ និងបានចេញលិខិត លេខៈ ០៨១ អ/គ.អ.ឆ.ក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ជម្រាបមកអភិបាលនៃគណៈអភិបាលខេត្តកំពតឲ្យចាត់វិធានការ និងដាក់បណ្ដឹងដើម្បីព្រះរាជអាជ្ញា ចាត់វិធានការតាមច្បាប់ លើករណីបូមខ្សាច់លុបអាងស្តុកទឹក ឬស្រែអ៊ូ សម្រាប់ផលិតអំបិលនៅមណ្ឌលបឹងទូក ក៏ប៉ុន្ដែរហូតមកដល់ពេលនេះពុំទាន់ មានចំណាត់ការណាមួយពីសំណាក់សាលាខេត្តកំពតនោះទេ។

ក្រោយពីបានទទួលរបាយការណ៍ពីមន្ទីរខេត្តកំពតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍បានចេញលិខិតលេខៈ១២៤៣ MISTI/២០២០ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ឲ្យអភិបាលខេត្តកំពត ពិនិត្យនិងចាត់វិធានការកាយបើកផ្លូវទឹកដែលបានបូមខ្សាច់លុបឲ្យបានឆាប់ តាមការសម្រេចរបស់ក្រុមការងារគណៈ កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា ប៉ុន្ដែក៏មិនមានចំណាត់ការណាមួយពីសាលាខេត្តកំពតនោះទេ។

ដោយមិនមានចំណាត់ការតាមផ្លូវច្បាប់ទៅលើឈ្មោះ គង់ សំណាង និងបក្សពួក ឈ្មោះ គង់ សំណាង បែរជាមកប្ដឹងក្រុមសាមគ្គីផលិតអំបិល និងប្រធានមន្ទីរក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ក្នុងរឿងព្រហ្មទណ្ឌពីបទៈ ប្ដឹងបរិហាបង្កាច់កេរ្តិ៍ ទៅវិញ ដោយអះអាងថាក្រុមសាមគ្គីបានដាក់ពាក្យសុំអន្តរាគមន៍ ហើយប្រធានមន្ទីរឧស្សាហកម្មខេត្តកំពតធ្វើរបាយការណ៍មួលបង្កាច់ខ្លួន និងបក្សពួក ជាហេតុនាំឲ្យក្រុមសាមគ្គីផលិត អំបិលមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីប្ដឹងរបស់ឈ្មោះ គង់ សំណាង។

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្រុមសាមគ្គីលផិតអំបិលបានស្នើសុំឲ្យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ វាស់វែងបំពេញបន្ថែមទំហំដីឲ្យគ្រប់ចំនួន ២៤ ហិកតា ស្របតាមលិខិតលេខៈ ១៤៣២ ស.ជ.ណ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០០៦ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី។

បន្ទាប់ពីចុះវាស់វែងនៅទីតាំងដីជាក់ស្ដែងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ បានចេញប្លង់បង្ហាញទីតាំង និងទំហំដីវាស់បង្រ្គប់ជូនក្រុមសាមគ្គី ផលិតអំបិលមណ្ឌលបឹងទូកដែលមាន លេខៈ ១៦២ ឧវបន.បល ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

បន្ទាប់ពីទទួលបានប្លង់បង្ហាញទីតាំងលើទំហំដី ២៤ ហិកតា ក្រុមសាមគ្គីបានស្នើសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនលវត្ថុស្របតាមនីតិវិធីច្បាប់ ប៉ុន្ដែត្រូវបានឈ្មោះ គង់ ម៉ាល័យ ដែលជាកូនស្រីរបស់ឈ្មោះ គង់ សំណាង និង បក្សពួកប្ដឹងជំទាស់ចំពោះការស្នើសុំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ និងបានសុំឲ្យតុលាការចេញដីកា សម្រេចរក្សាការពារ ដោយយោងទៅលើលិខិតផ្ទេរសិទ្ធិដែលមានភាពមិនប្រក្រតី ព្រោះទីតាំងនោះជាដីដែលក្រុមសាមគ្គីបានកាន់កាប់គ្រប់គ្រងប្រើប្រាស់ និងអាស្រ័យផលនេះជាអាងស្ដុកទឹក ឬស្រែអ៊ូ ចាប់តាំងពីឆ្នាំ១៩៨០មកម្លេះ ដោយមិនដែលមានបុគ្គលណាម្នាក់ចូលកាន់កាប់ ឬប្រើប្រាស់ទៅលើដីនោះទេ។

ឈ្មោះ គង់ ម៉ាល័យ និងបក្សពួកដែលជាមន្រ្តីមានអំណាច និងឥទ្ធិពលនៅសាលាខេត្តកំពតបានព្យាយាមសម្លុតគំរាមកំហែងប្រើគ្រប់មធ្យោបាយតាមរយៈការសុំបែងចែកដី រៀបចំព្យាយាមកសាងឯកសារនានាបំភ្លៃការពិត ដើម្បីរំលោភយកដី ស.ជ.ណ របស់រាជរដ្ឋាភិបាល ដែលបានប្រគល់មកឲ្យក្រុមសាមគ្គីផលិតអំបិល ព្រោះតែមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធរបស់មន្រ្តីមានអំណាចនិងឥទ្ធិពលនៅខេត្តកំពតបែបនេះហើយ ទោះបីជាមានលិខិតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ឲ្យបូមខ្សាច់ចេញពីអាងស្ដុកទឹក និង លិខិតពីគណៈ កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា ឲ្យអភិបាលខេត្តកំពតឲ្យចាត់វិធានការ និង ដាក់បណ្ដឹងដើម្បីព្រះរាជអាជ្ញាចាត់វិធានការតាមច្បាប់ ក៏សាលាខេត្តកំពតមិនអនុវត្តតាមលិខិតទាំងនោះដែរ។

ក្រុមសាមគ្គីផលិតអំបិលសូមសំណូមពរដល់ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មេត្តាជួយអន្តរាគមន៍ និងចាត់វិធានការផ្លូវច្បាប់លើឈ្មោះ គង់ សំណាង និងឈ្មោះ គង់ ម៉ាល័យ ព្រមទាំងបក្សពួកដែលជាមន្រ្តីមានអំណាចនិងឥទ្ធិពលនៅខេត្តកំពត ដែលហ៊ានឃុបឃិតគ្នារំលោភបំពានយកដី ស.ជ.ណ របស់រដ្ឋាភិបាល និងជាដីឆ្នេរសមុទ្រធ្វើជាកម្មសិទ្ធិឯកជន៕