(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌ ឫស្សីកែវ និងអមដំណើរដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីចុះពិនិត្យប្រឡាយពោងពាយ នៅមុនពេលអញ្ជើញចូលរួមប្រគេនទេយ្យទានដល់វត្តចំនួន២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សកម្មភាពរបស់អាជ្ញាធរខណ្ឌឫស្សីកែវ ទាំងការចុះពិនិត្យមើលក្រែងមានការកកស្ទះដោយសារកាកសំណល់សំរាមផ្សេងៗ ក្នុងការរំដោះទឹកចេញតាមប្រឡាយពោងពាយ ចាប់ពីផ្លូវ ម៉ុងរិទ្ធី រហូតដល់បុរីអង្គភ្នំពេញ ស្ថិតក្នុងសង្កាត់ ទួលសង្កែទី២ និងការអញ្ជើញចូលរួមប្រគេនទេយ្យទានក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដល់វត្តឧត្តរា វតី ស្ថិត នៅក្នុង សង្កាត់ គីឡូម៉ែត្រ លេខ ៦ និងវត្តកោះ មេត្តា ពោធិ វង្ស ស្ថិត នៅក្នុង សង្កាត់ ទួលសង្កែ ទី២ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

សូមជម្រាបថា សម្រាប់ទេយ្យទានដែលអាជ្ញាធរខណ្ឌឫស្សីកែវ ប្រគេនដល់វត្តចំនួន២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្នុង ១វត្តទទួលបាន រួមមាន៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេសធំ, ទឹកសុទ្ធ៥កេស, ទឹកស៊ីអ៊ីវ៥យួរ, ស្លាដក០១កញ្ចប់ និងបច្ច័យចំនួន ១,៥០០,០០០ រៀល៕