(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះការរុះរើសមាជិករាជរដ្ឋាភិបាលកម្ពុជា របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ហើយប្រកាសបន្តបំពេញការងារជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យទំនាក់ទំនងកម្ពុជា-អា មេរិកកាន់តែស៊ីជម្រៅ។

លោក Jay Raman អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រាប់ Fresh News តាមសារអេឡិចត្រូនិកនៅថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៦នេះថា «ស្ថានទូតអាមេរិក អបអរសាទរចំពោះបណ្តារដ្ឋមន្ត្រីថ្មីៗ និងមន្ត្រីរដ្ឋាភិបាលកំពូលដទៃទៀត ដែលត្រូវបានរដ្ឋសភាអនុម័តទទួលស្គាល់នៅថ្ងៃនេះ។ យើងស្វាគមន៍ចំពោះឱកាស នៃការបំពេញកិច្ចការងារគ្រប់កម្រិតជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង កម្ពុជាកាន់តែស៊ីជម្រៅ»

ស្ថានទូតអាមេរិក ក៏បានទទួលស្គាល់ និងកោតសរសើរផងដែរ នូវស្នាដៃរបស់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាឧបនាយករដ្ឋមន្រ្តី គាត ឈន់ និងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និង លោកទេសរដ្ឋមន្រ្តី អ៉ឹម ឈុនលឹម ដែលត្រូវបានបញ្ចប់ និង ផ្លាស់ប្តូរតួនា ទីក្នុងការបម្រើរាជរដ្ឋាភិបាលជាច្រើនឆ្នាំកន្លងមក។

សូមបញ្ជាក់ថា រដ្ឋសភា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ បានសម្រេចគាំទ្រសំណើផ្លាស់ប្តូរសមាជិករាជរដ្ឋាភិបាលរបស់ សម្តេចតេជោ ហ៊ុន សែន ដោយសំឡេង ៧០ លើ ១០៧សំឡេង ដែលក្នុងនោះ ក៏មានការគាំទ្រពីតំណាងរាស្រ្ត មកពីគណបក្សសង្រ្គោះជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចរុះរើសមាសភាពសមាជិករាជរដ្ឋាភិបាលមួយចំនួននៅពាក់កណ្តាលអាណត្តិ នៃរាជរដ្ឋាភិបាលអាណត្តិទី៥ នៃរដ្ឋសភានេះ។ សមាសភាព ដែលផ្លាស់ប្តូររួមមាន៖
- លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំ ហុង ត្រូវបានផ្លាស់ចេញពីរដ្ឋមន្រ្តីក្រសួងក្រសួងការបរទេស ដាក់ជំនួស ដោយ ប្រាក់ សុខុន មកពីក្រសួងប្រៃសេនីយ៍ និងទូរគមនាគមន៍

- លោកទេសរដ្ឋមន្រ្តី អ៉ឹម ឈុនលឹម ត្រូវបានផ្លាស់ចេញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ជំនួសដោយលោក ជា សុផារ៉ា មកពីក្រសួងអភិវឌ្ឍន៍ជនបទ

- លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រូវបានប្តូរពីក្រសួងពាណិជ្ជកម្ម ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន

- លោក អ៊ុក រ៉ាប៊ុន ត្រូវបានប្តូរពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទ

- លោក ត្រាំ អ៉ីវតឹក ត្រូវបានប្តូរពីក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍

- លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ ត្រូវបានផ្លាស់ចេញ ដាក់ជំនួសដោយ លោក ហឹម ឆៃម

- លោក ប៉ាន សូរស័ក្តិ ត្រូវបានតម្លើងពីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទៅជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ខណៈរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទៅលើលោក វេង សាខុន

ក្រៅពីការផ្លាស់ប្តូរសមាសភារដ្ឋមន្រ្តី ដែលរៀបរាប់ខាងលើនេះ នៅមានមន្រ្តីរាជរដ្ឋាភិបាលជាច្រើនរូបទៀត ត្រូវបានតម្លើងតួនាទីពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការ។

សម្តេចតេជោ ហ៊ុន សែន បានហៅការផ្លាស់ប្តូរនេះថា ដើម្បីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល និង យោងទៅលើភាពចាំបាច់ចំនួន ៥រួមមាន៖
១. ភាពចាំបាច់ក្នុងការបញ្ចប់ ឬផ្លាស់ប្តូរមុខងារសមាជិក មួយចំនួន នៃរាជរដ្ឋាភិបាលស្រមតាមសំណូមពររបស់សាមីឥស្សរជន។

២. ភាពចាំបាច់ក្នុងការផ្តល់មុខងារ និង ភារកិច្ចបន្ថែម ដល់សមាជិកមួយចំនួន នៃរាជរដ្ឋាភិបាល។

៣. ភាពចាំបាច់ នៃការកែសម្រួល និងប្តូរសមាជិកមួយចំនួន នៃរាជរដ្ឋាភិបាល ឲ្យទៅទទួលបន្ទុកការងារនៅក្រសួងស្ថាប័ន ដែលស័ក្តិសម និងបទពិសោធន៍ការងាររបស់សាមីឥស្សរជននីមួយៗ។

៤. ភាពចាំបាច់ក្នុងការប្រមូលរក្សា និង ប្រើប្រាស់ឲ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពនូវធនធានបញ្ញាញាណរបស់មន្រ្តីសំខាន់ៗមួយចំនួន ដែលមានបទពិសោធន៍ការងារយូរឆ្នាំនៅក្នុងជួររដ្ឋបាលសាធារណៈ ហើយនិងមានសុខភាពល្អមាំមួន ដែលអាចបន្តជួយការងាររាជរដ្ឋាភិបាលបាន។

៥. ភាពចាំបាច់ក្នុងការប្រគល់តំណែង និងភារកិច្ចនៅក្នុងជួររាជរដ្ឋាភិបាល ដែលមន្រ្តីវ័យក្មេងមួយចំនួន ដែលមានសមត្ថភាពខ្ពស់ និងមានគុណវឌ្ឍល្អស័ក្តិសម៕

Advertising