(ពោធិ៍សាត់)​៖​ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនក្មេងទំនើង​២នាក់ ​ប្រដាប់ដោយ​ដាវសាម៉ូរ៉ៃ​ ធ្វើមុខសញ្ញា នៅមុខហាងស្លាមាស ស្ថិតនៅខេត្តពោធិ៍សាត់។ បន្ទាប់សាកសួរ​ និង​ធ្វើតេស្តទឹកនោម​ បានឲ្យដឹងថា ក្មេងទំនើងទាំងពីរនាក់បានប្រើប្រាស់ គ្រឿងញៀន​។ ក្រោយមកសមត្ថកិច្ច ក៏ឈានចូលដល់ ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់នាថ្ងៃទី​០៣​ ខែ​មេសា​ ឆ្នាំ​២០១៦​។

លោក​ ឈន​ ​រិទ្ធ​ អធិការ​នគរបាល ក្រុងពោធិ៍សាត់​ បានប្រាប់ភ្នាក់ងារ​​ព័ត៌មាន​ Fresh News ឲ្យដឹងថា​ ក្មេងទំនើង​២នាក់​ ទី១ ឈ្មោះចំរើ​ន​ វាសនា​ អាយុ​២០ឆ្នាំ​ រស់នៅ ភូមិសាឡុង​ ឃុំស្វាយលួង​ ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់​ និង​ទី២ ឈ្មោះ ជន​ សុខៈ​​ អាយុ​២០ឆ្នាំ​ដូចគ្នា​ រស់នៅភូមិស្វាយចាន់​ ឃុំស្វាយលួង​ ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់។​ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ច​ដកហូតបានម៉ូតូម៉ាក​ ZoomMear-X ព័ណ៌សខ្មៅ​ស៊េរី២០១៤​ និង​ ដាវសាម៉ូរ៉ៃ​ ១ដើម​។

លោកអធិការបានបន្តថា ​«ក្រោយ​ការសាកសួរ​ និង​ធ្វើតេស្តទឹកនោម​ ឃើញថាមានពាក់ព័ន្ធជាមួយគ្រឿងញៀន​ ទើបកម្លាំង របស់យើង​ សហការជាមួយ​កម្លាំងនគរបាលស្រុកកណ្តៀង​ នៅវេលាម៉ោង​ ១១៖០០នាទី​ព្រឹក​ ថ្ងៃទី​ ០៣​ ខែ​ មេសា​ ឆ្នាំ​ ២០១៦​ បានចុះឆែកឆេរដល់លំនៅដ្ឋាន​មួយកន្លែង​ ស្ថិតនៅភូមិពោធិ៍កំបោរ​ ឃុំវាល​ ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ដែលជាប់ពាក់ព័ន្ធ ករណីជួញដូរ​ និង​ ប្រើប្រាស់​គ្រឿង​ញៀន​ឈ្មោះ​ ងួន​ លីហួរ​ ភេទប្រុស​ អាយុ​ ២២ឆ្នាំ​ រស់នៅភូមិពោធិ៍កំបោរ​ ឃុំវាល​ ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់​ ដោយដកហូតបានថ្នាំញៀនមួយចំនួនធំ​»

លោកអធិការនគរបាលក្រុងពោធិ៍សាត់​ បានឲ្យដឹងទៀតថា​ បច្ចុប្បន្ន​ជនសង្ស័យ​ រួមនឹងវត្ថុតាង​ ត្រូវបានសួរនាំ​រួចរាល់ និងបញ្ចូនសំណុំរឿងទៅសាលាដំបូងខេត្ត​ ដោះស្រាយតាមនីតិវិធី​៕