(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅម៉ោង ៥៖៣៣នាទីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញដល់កន្លែងរៀបចំ ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយកីឡាករ-កីឡាការិនីរបស់កម្ពុជា នៅបរិវេណមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានប្រាប់ Fresh News ថា មានកីឡាករ កីឡាការរិនីមកពីគ្រប់ផ្នែកសរុប ៣,៤០០នាក់ ចូលរួមសំណេះសំណាល និង ពិសារអាហារសាមគ្គី ដែលរៀបចំឡើងជាលើកដំបូងដោយសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីការសំណេះសំណាល និងពិសារអាហារ ក៏មានការប្រគំតន្រ្តីកំដរ រាំលេងកម្សាន្តផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានហៅពិធីជប់លៀងនេះថា ជាការលើកទឹកចិត្តសម្រាប់កីឡាករ កីឡាការិនីកម្ពុជា ដែលបានខិតខំប្រឹងប្រែងដណ្តើម នូវស្នាដៃផ្សេងៗ ពីការប្រកួត ទាំងក្នុងក្របខណ្ឌជាតិ និង អន្តរជាតិ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការជួបជុំនេះ គឺជាការចាប់ផ្តើមប្រមូលកម្លាំង និង ដាស់ស្មារតីរបស់កីឡាករ កីឡាការិនី របស់ខ្មែរទាំងអស់ឲ្យត្រៀមខ្លួន ដើម្បីទទួលយកការប្រកួតស៊ីហ្គេម ២០២៣៕

Advertising