(ភ្នំពេញ)៖ លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួល បន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលរួមមាន មន្ត្រីពីធនាគារជាតិនៃកម្ពុជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈកម្មាធិការជាតិអេស្កាប់ ចូលរួមក្នុងកិច្ច ប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់លើកទី១ ស្តីពីហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំដោយ UN-ESCAP និងក្រសួងការបរទេស នៃសាធារណៈរដ្ឋកូរ៉េ កាលពីចុងសប្តាហ៍កន្លងទៅនៅទីក្រុង Incheon សាធារណៈរដ្ឋកូរ៉េ។ កិច្ចប្រជុំខាងលើនេះ បានបិទបញ្ចប់ហើយ ដោយទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរឲ្យកត់សំគាល់។ កិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់នេះ មានការចូលរួមពី មន្រ្តីជាន់ខ្ពស់របស់ប្រទេសរដ្ឋ ជាសមាជិករបស់ UN-ESCAP មន្រ្តីជាន់ខ្ពស់របស់ស្ថាប័នអង្គការ សហប្រជាជាតិធំៗមួយចំនួន ស្ថាប័ន ជំនាញអន្តរជាតិ ស្ថាប័នអន្តររដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល សរុបជិត២០០នាក់ ដែលក្នុងនោះ ក៏មានឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តី ទេសាភិបាល ទេសារអភិបាលរង និងមន្រ្តីជាន់ខ្ពស់របស់ធនាគារកណ្តាល ព្រមទាំងអ្នកតាក់តែង នយោបាយជាន់ខ្ពស់មកពីជាង៤០ប្រទេស។

នៅក្នុងឱកាសនោះ លោក ទេសរដ្ឋមន្ត្រី លី ធុជ ក៏បានដឹកនាំការពិភាក្សាកម្រិតខ្ពស់មួយ ស្តីពីកិច្ចសហប្រតិបតិ្តការ South-South និងកិច្ចសហប្រតិបតិ្តការ ត្រីកោណ ដោយផ្តោតជាសំខាន់លើបណ្តាប្រទេសដែលមានតម្រូវការចាំបាច់។ ក្នុងបទអន្តរាគមន៍របស់លោក បានសង្កត់ធ្ងន់លើការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងរយៈពេលជាង១៧ ឆ្នាំចុងក្រោយ គឺចាប់តាំងពីឆ្នាំ ១៩៩៨។

លទ្ធផលនេះ គឺជាផ្លែផ្កានៃស្ថេរភាពនយោបាយ សេដ្ឋកិច្ច និងសុខសន្តិភាព ទូទាំងប្រទេស ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាឲ្យមានការរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយ ថ្ងៃហើយ ដែលមានកំណើនប្រចាំឆ្នាំចុងក្រោយនេះ គឺជាង ៧% នៃផលិតផលក្នុងស្រុកសរុប។ ដោយមានស្ថេរភាព នយោបាយ និងការរីកចម្រើន ជានិរន្តកម្ពុជា នឹងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ កិច្ចប្រជុំមានរយៈពេលពីរថ្ងៃនេះ បានផ្តល់នូវសារៈសំខាន់មួយគឺថា ការកៀរគរ ធនធានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍ គឺជាផ្នែកដ៏សំខាន់មួយនៃរបៀបវារៈសម្រាប់ការអភិវឌ្ឍនៅឆ្នាំ២០៣០ ហើយក៏បានអនុម័តចេញនូវសេចក្តីសង្ខេបមួយនេះ ដែលនឹងត្រូវដាក់ជូនទៅសន្និបាតរបស់ ECOSOC ដែលនឹងរៀបចំធ្វើឡើងនៅទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិនៅទីក្រុង New York នាថ្ងៃទី ១៨ ខែមេសានេះ និងសន្និបាត ប្រចាំឆ្នាំ លើកទី៧២ របស់ UN-ESCAP ដែលនឹងរៀបចំធ្វើឡើងនៅខែឧសភា ឆ្នាំ២០១៦៕