(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដែលបច្ចុប្បន្នជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញទស្សនថា ចំពោះនយោបាយទណ្ឌកម្មនិយមរបស់អាមេរិក នឹងក្លាយជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយនយោបាយចែករំលែកនិយមរបស់ចិននឹងក្លាយជាអ្នករំដោះមនុស្សជាតិ ចេញពីទណ្ឌកម្មព្រៃផ្សៃរបស់អាមេរិក ដែលពេលនោះហើយអាមេរិកនឹងក្លាយជាមហាអំណាចឯកោ។

តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី២៦ ខែកញ្ញានេះ លោក សួន សេរីរដ្ឋា បានលើកឡើងថា «បើសហរដ្ឋអាមេរិក មិនកែប្រែនូវចរិត "នយោបាយដាក់ទណ្ឌកម្មនិយម" របស់ខ្លួនឱ្យទាន់សភាពការណ៍ និងទាន់ពេលវេលាទេនោះ សហរដ្ឋអាមេរិកនឹងក្លាយជាប្រទេសមហាអំណាចឯកោ នៅពេលដែល "នយោបាយចែករំលែក" របស់ចិន ជ្រួតជ្រាបទៅកាន់ប្រទេសជាច្រើនលើពិភពលោក»! ។

លោកបានបន្តថា សហរដ្ឋអាមេរិក គួរសិក្សាឡើងវិញនូវផ្នត់គំនិតនយោបាយ និងភូមិស្រ្តនយោបាយថ្មី ក្នុងសម័យសាកលភាវូបនីយកម្ម ពិសេសលំហរនៃសេរីភាពទីផ្សារសេដ្ឋកិច្ច ដែលពលរដ្ឋលើពិភពលោកចង់បាន!។

ជុំវិញការលើកឡើងនេះដែរ លោក សួន សេរីរដ្ឋា ក៏បានលើកនូវឧទាហរណ៍ថា សហរដ្ឋអាមេរិក មិនចាំបាច់ទៅយកប្រទេសណាមួយមកធ្វើជាឧទាហរណ៍សម្រាប់ធ្វើការសិក្សាទេ… គឺយកសហរដ្ឋអាមេរិកខ្លួនឯងហ្នឹងមកសិក្សាទៅនឹងឃើញហើយថា៖ តើមានទីក្រុងចិន ចំនួនប៉ុន្មាន ក្នុងរដ្ឋទាំង៥០ រដ្ឋរបស់អាមេរិក? ហើយនៅស្រុកចិនវិញ តើមានទីក្រុងអាមេរិក ក្នុងខេត្តនីមួយៗ របស់ចិនដែរ ឬទេ? ទេសចរណ៍ចិន ហ៊ានចាយលុយដុល្លារអាមេរិក ប៉ុន្មានលានដុល្លារ ក្នុងមួយឆ្នាំៗ? តើអាមេរិកជាម្ចាស់លុយដុល្លារ ហ៊ានចាយលុយដុល្លារ ដូចចិនទេ? ចុះបើថ្ងៃខាងមុខទេសចរណ៍ចិនរាប់លាននាក់ដែលចេញក្រៅប្រទេសនោះ ហើយដែលគ្រប់ប្រទេសដណ្តើមគ្នាចង់បាននោះ គេលែងចាយលុយដុល្លារ រួចដូរទៅចាយលុយយន់វិញ! តើអ្វីនឹងកើតឡើង?។

លោក សួន សេរីរដ្ឋា បានបង្ហាញទស្សនយ៉ាងដូច្នេះថា៖ «នយោបាយទណ្ឌកម្មនិយម របស់អាមេរិក នឹងក្លាយជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ… ហើយនយោបាយចែករំលែកនិយម របស់ចិននឹងក្លាយជាអ្នករំដោះមនុស្សជាតិ ចេញពីទណ្ឌកម្មព្រៃផ្សៃរបស់អាមេរិក ដែលពេលនោះហើយ អាមេរិកនឹងក្លាយជាមហាអំណាចឯកោ»