(ភ្នំពេញ)៖ លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានលើកឡើងថា បញ្ហាផ្លូវ ពិសេសប្រព័ន្ធលូបង្ហូររំដោះទឹក នារដូវវស្សានេះ ចាំបាច់ទាមទារឱ្យមានការចុះពិនិត្យវាយតម្លៃជាក់ស្ដែង ក្រៅពីការយកចិត្តទុកដាក់ផ្ដល់សេវាផ្សេងៗទៀត បើទោះបីជាអាជ្ញាធរ ទទួល ឬមិនទាន់ទទួលបានសំណូមពរ ក្នុងការឱ្យជួយរកដំណោះស្រាយ ពីប្រជាពលរដ្ឋក៏ដោយ ក្រោមការយកចិត្តទុកដាក់ពីលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ។

នេះបើតាមការបញ្ជាក់របស់លោក ប៉ែន ស៉ីមាន ជំនួយការរដ្ឋបាលសង្កាត់ទួលសង្កែទី១ ក្នុងពេលអាជ្ញាធរសង្កាត់-ភូមិ-ក្រុម បានសហការចុះពិនិត្យតាមច្រកផ្លូវតូចៗពុំទាន់មានប្រព័ន្ធលូបង្ហូររំដោះទឹកភ្លៀង ក្នុងការសិក្សារក ដំណោះស្រាយទៅតាមលទ្ធភាព ដែលបណ្ដាលឱ្យលិចលំនៅដ្ឋានប្រជាពលរដ្ឋ នារដូវវស្សានេះ ស្ថិតនៅក្រុមទី៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ បានគូសបញ្ជាក់ថា បើទោះបីជា ទទួល ឫមិនទាន់ទទួលបានសំណូមពរ ក្នុងការឱ្យជួយរកដំណោះស្រាយជូន ពីសំណាក់ប្រជាពលរដ្ឋក៏ដោយ ប៉ុន្តែក្នុងនាមអាជ្ញាធរ ដែលមានភូមិ-ក្រុម និងមន្ត្រីពាក់ព័ន្ធជាសេនាធិការ បានចុះពិនិត្យនិងរាយការណ៍រាល់សកម្មភាព ពីស្ថានភាពជាក់ស្ដែងនានា ក្នុងមូលដ្ឋាន ពិសេសបញ្ហាផ្លូវ និងប្រព័ន្ធលូបង្ហូររំដោះទឹកភ្លៀង នារដូវវស្សានេះ ក្រៅពីការយកចិត្តទុកដាក់ផ្ដល់សេវាផ្សេងៗ ទៀត ដោយតម្លាភាព ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ទៅតាមលទ្ធភាព ពីព្រោះ «មន្ត្រីមិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឡើយ ផ្ទុយទៅវិញមន្ត្រី គឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់» ដែលផ្ដើមចេញពីការដឹកនាំដ៍ប៉ិនប្រសព្វ និងឈ្លាសវ៉ៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕