(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា រហូតមកពេលនេះ ក្រសួងបរិស្ថាន បាននិងកំពុងតែរៀបចំបោះបង្គោលកំណត់ព្រំនៅតាមដែនជម្រកសត្វព្រៃមួយចំនួន ការបោះបង្គោលកំណត់ព្រំនេះ គឺជាវិធានការដ៏ល្អធ្វើឱ្យតំបន់ការពារកាន់តែមានសុវត្ថិភាពបន្ថែមទៀត ពីការចូលកាប់ទន្ទ្រានព្រៃឈើដោយខុសច្បាប់ពីសំណាក់ជនខិលខូច។

ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន លើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨» តាមរយៈប្រព័ន្ធអនឡាយ (Zoom Meeting) កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ថ្មីនេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ជាមួយការគិតគូរយកចិត្តទុកដាក់របស់ លោករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺបានជំរុញការងារបោះបង្គោលព្រំដែនតំបន់ការពារធនធានធម្មជាតិ រួមទាំងការចុះបញ្ជីដីរដ្ឋ នៅតាមតំបន់ការពារធនធានធម្មជាតិនានា ដើម្បីពង្រឹងប្រសិទ្ធភាព ក្នុងការការពារ និងអភិរក្សតំបន់ការពារធម្មជាតិនេះ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបោះបង្គោលព្រំនេះ ក៏កាន់តែធ្វើឱ្យតំបន់ការពារធនធានធម្មជាតិរបស់យើងកាន់តែមានសុវត្ថិភាពថែមទៀត ហើយអីឡូវនេះយើងកំពុងតែបោះបង្គោលនៅតាមតំបន់មួយចំនួន ដូចជានៅដែនជកម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រិច នៅតំបន់ពាមក្រសោប»

ជាមួយគ្នានេះដែរ លោកបញ្ជាក់ថា ការបោះបង្គោលព្រំនេះ គឺជាភាពចាំបាច់ ដើម្បីកំណត់តំបន់នីមួយៗ ហើយក៏ជាភាពចាំបាច់ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ដែរ ប៉ុន្តែកិច្ចការងារនៃការបោះបង្គោលព្រំនេះ គឺត្រូវការចំណាយពេលយូរដោយសារតែដំណើរការនៃការបោះបង្គោលនេះ គឺត្រូវការពិនិត្យល្អិតល្អន់ និយាមការ ពិនិត្យទៅលើព្រំ ហើយនឹងផ្ទៃដីនៃតំបន់ការពារធម្មជាតិនីមួយៗ គឺមានទំហំធំ។

លោកបានឱ្យដឹងថា៖ «ហើយអីឡូវនេះមន្ត្រីជំនាញរបស់យើងបានកំពុងតែចុះពិនិត្យ និងបោះបង្គោលនៅតាមតំបន់មួយចំនួនទៀត ដូចជានៅដែនជម្រកសត្វព្រៃកែវសីមា ហើយនៅតាមតំបន់ដែនជកម្រកសត្វព្រៃ និងតំបន់ឧទ្យានជាតិមួយចំនួនទៀត គឺយើងនឹងជំរុញលើការងារបោះបង្គោលកំណត់ព្រំឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ផង និងការពង្រឹងទៅលើការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ ស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ»

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា ការរៀបចំចុះបញ្ជីដីរដ្ឋ និងការបោះបង្គោល គឺជាកិច្ចការចាំបាច់ដើម្បីបញ្ជាក់ឱ្យច្បាស់ថារដ្ឋ មានផ្ទៃដីចំនួនប៉ុន្មាន ដែលត្រូវកាន់កាប់ដោយក្រសួងបរិស្ថាន។

ពាក់នឹងការបោះបង្គោលព្រំដែនជម្រកសត្វព្រៃនេះដែរ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ការបោះបង្គោលនេះ គឺត្រូវការចាំបាច់បំផុតការចូលរួមពីប្រទេសម្ចាស់ជំនួយ អង្គការដៃគូរ ដើម្បីចូលរួមក្នុងការរៀបចំការបោះបង្គោលព្រំនេះឱ្យបានច្បាស់លាស់ ហើយពេលដែលបោះបង្គោលព្រំបន្ទាប់ពីចុះបញ្ជីដីរដ្ឋនោះតំបន់ការពារធម្មជាតិនឹងកាន់តែមានភាពល្អប្រសើរឡើង។

បើតាមលោក នេត្រ ភក្ត្រា ក៏បានបង្ហាញនូវភាពជឿជាក់ថា ការទន្ទ្រានកាន់កាប់នឹងមានការថយចុះ ពីព្រោះតំបន់អភិរក្សធនធានធម្មជាតិទាំងអស់នោះត្រូវបានបញ្ជាក់យ៉ាងច្បាប់ថាជាដីរបស់រដ្ឋ បន្ថែមពីនេះបច្ចុប្បន្ននេះ មន្ត្រីជំនាញបានស្គាល់ទីតាំង តំបន់ការពារ និយាមការ ប៉ុន្តែ មានប្រជាពលរដ្ឋមួយចំនួនដែលចូលកាប់ទន្ទ្រាដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិលើកឡើងថាពួកគាត់មិនបានដឹង ដោយយកលេសថាមិនទាន់មានការបោះបង្គោលព្រំដីរដ្ឋជាដើម៕