(ភ្នំពេញ)៖ វិស័យឡូជីស្ទីក ពិតជាមានសារសំខាន់ណាស់ ប៉ុន្តែជាទូទៅវិស័យនេះ មានបញ្ហាចម្បងៗមួយចំនួន ដែលត្រូវដោះស្រាយ។ បើតាមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បញ្ជាក់ថា វិស័យឡូជីស្ទីក មានសារសំខាន់ត្រង់ថា បើបរិយាកាសរបស់វាមានស្ថានភាពល្អនោះ គឺផ្តល់ឱកាសឲ្យប្រកួតប្រជែងជាមួយប្រទេសជិតខាង ដែលអាចទាក់ទាញវិនិយោគិនបន្ថែម។

លោកទេសរដ្ឋមន្ត្រី អះអាងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនដូចជាផ្លូវគោក ផ្លូវដែក កំពង់ផែ និងផ្លូវអាកាស ដែលបាននិងកំពុងសាងសង់ បានកាត់បន្ថយតម្លៃសេវាឡូជីស្ទីកឲ្យកាន់តែទាប និងមានភាពងាយស្រួលក្នុងការធ្វើចរាចរ បានផ្តល់ឱកាសឲ្យប្រកួតប្រជែងជាមួយប្រទេសជិតខាង ដែលអាចទាក់ទាញវិនិយោគិនបន្ថែម។

ប្រការនេះហើយ ទើបក្រុមជំនាញនៃវិស័យឯកជន ប្រឹងប្រែងចូលរួមលើកស្ទួយវិស័យឡូជីស្ទីកនេះ ជាមួយរាជរដ្ឋាភិបាល។ ជាក់ស្តែង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន អាយជីគ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្ម នវានុវត្តន៍ និងធុរកិច្ចថ្មី បានសម្រេចចុះ កិច្ចព្រមព្រៀងវិនិយោគ ផ្តល់ការគាំទ្រ ដល់ក្រុមហ៊ុនចល័ត ឡូជីស្ទីក ដែលបង្កើតឡើងដោយសហគ្រិនខ្មែរវ័យក្មេង ដើម្បីគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា ការលូតលាស់ និងពង្រីកអាជីវកម្ម របស់ក្រុមហ៊ុនចល័ត នៅរាជធានីភ្នំពេញ តាមបណ្តាខេត្ត និងនៅក្រៅប្រទេសផងដែរ។

លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយជីគ្រុប បានថ្លែងថា មូលហេតុដែលចាប់ដៃជាមួយ ចល័ត ឡូជីស្ទីក ដោយសារយល់ឃើញថា៖

* ទី១៖ រាជរដ្ឋាភិបាល មានទិសដៅជំរុញកម្ពុជា ជាប្រទេសមានចំណូលលើសពីមធ្យម ក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ ដែលនឹងបង្កើតឲ្យមានផលិតកម្មក្នុងស្រុកជាច្រើនសម្រាប់ការនាំចេញ។ អញ្ចឹងវិស័យឡូជីស្ទីក មានសារសំខាន់ក្នុងការជួយឲ្យកម្ពុជា មានអានុភាពទាក់ទងនឹងថ្លៃដើម ក្នុងការដឹកជញ្ជូន ធៀបនឹងប្រទេសក្នុងតំបន់។

* ទី២៖ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តគំនិតផ្តួចផ្តើម Cambodia go digital ដែលជំរុញឲ្យមានការធ្វើនវានុវត្តន៍ នៅក្នុងវិស័យរដ្ឋ និងឯកជន ហើយក្រុមហ៊ុន ចល័ត ឡូជីស្ទីក កើតឡើងស្របចំពេលគ្នាតែម្តង។ អាយជី អាចនឹងជួយឲ្យអ្នកបើកអាជីវកម្មថ្មី (start-up) ដូចជា ចល័ត ឡូជីស្ទីក ដើម្បីអាចពន្លឿន និងធ្វើយ៉ាងណាផ្តល់នូវដំណោះស្រាយសមស្រប ទៅនឹងតម្រូវការទីផ្សារ តាមបែបឌីជីថល ខណៈដែលពួកគាត់មានគំនិតច្នៃប្រឌិតរួចហើយ។ អញ្ចឹងគាត់ត្រូវការ ពីខាងអាយជី ដើម្បីជួយផ្នែកបច្ចេកវិទ្យា ដើម្បីឲ្យដំណោះស្រាយច្នៃប្រឌិតរបស់គាត់បានលឿន នៅក្នុងអេកូស៉ីស្ទែមទាំងអស់។

* ទី៣៖ ភាគីទាំងពីរ ក៏បានមើលឃើញទាក់ទងទៅនឹងការកំណត់ បានន័យថា កង្វះខាតនៅក្នុងផ្នែកឡូជីស្ទីក។ ភាគីទាំងពីរបានផ្តោតទៅលើការដឹក ដល់ដៃអតិថិជនចុងក្រោយ ដែលនៅមានបញ្ហាចំនួន២។ បញ្ហាទី១ គឺពាក់ព័ន្ធនឹងអាសយដ្ឋាន ព្រោះអាសយដ្ឋានគឺពិបាករក អញ្ចឹងបញ្ហានេះនៅតែកើតមាន។ បញ្ហាទី២ ការចូលទៅដល់តំបន់ចុងកាត់មាត់ញ៉ក ឬឆ្ងាយៗ នៅមានកម្រិត មានន័យថា ការផ្តល់សេវាកម្មនៅទីនោះ ក៏ពិបាកណាស់ដែរ។

លោក គឹម ពុធគីរី បញ្ជាក់ថា «អញ្ចឹងហើយទាំង ចល័ត ក៏ដូចជា អាយជី យើងនឹងព្យាយាមធ្វើយ៉ាងណា រកដំណោះស្រាយតាមបែបច្នៃប្រឌិត និងឌីជីថល ដើម្បីធ្វើយ៉ាងណា ផ្តល់សេវាកម្មដល់ដៃអតិថិជនចុងក្រោយ ឲ្យបានប្រសើរជាងមុខ ដែលវានឹងជួយដល់ការអភិវឌ្ឍ លើវិស័យឡូជីស្ទីកនៅកម្ពុជាយើងផងដែរ»

លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយជីគ្រុប បានថ្លែងថា ឈរលើស្មារតីចូលរួមធ្វើឱ្យកម្ពុជា ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម អាជីវកម្ម និងបច្ចេកវិទ្យានៅអាស៉ីអាគ្នេយ៍ ក្រុមហ៊ុនបានសម្រេចជ្រើសរើសវិធានវិនិយោគឯកជន (Angel Investment) ទៅក្នុងក្រុមហ៊ុនធុរកិច្ចថ្មី នៅកម្ពុជា។

លោក ឈ សុផាណាក់ អគ្គនាយករងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើការកត់សម្គាល់ថា «ក្រុមហ៊ុនចល័ត និង អាយជី គ្រុប នឹងបន្តផ្តោតលើឌីជីថលូបនីយកម្ម នៅក្នុងវិស័យដឹកជញ្ជូននៅក្នុងប្រទេស ដោយដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដូចជា ព័ត៌មានអំពីអាសយដ្ឋាន និងបណ្តាញដឹកជញ្ជូនគ្របដណ្តប់មិនគ្រប់គ្រាន់ តម្លៃនៃការដឹកជញ្ជូន គុណភាពដឹកជញ្ជូន មិនមានសង្គតភាព តាមរយៈការប្រើប្រាស់ឧបករណ៍ភ្ជាប់អ៉ីនធើណេត ការប្រមូលផ្ដុំទំនិញ បញ្ញាសិប្បនិមិត្ត (AI) និងស្វ័យប្រវត្តិកម្មដទៃទៀត»

ស្ថាបនិកក្រុមហ៊ុន ចល័ត ក៏បានចូលរួមលើកឡើងផងដែរថា ការចាប់ដៃគូជាមួយ អាយជីគ្រុប គឺជាការផ្តល់នូវក្តីសង្ឃឹមសម្រាប់ធុរកិច្ចថ្មីនៅក្នុងកម្ពុជា ដោយយើងឃើញថាស្ថាប័ន ដែលមានវ័យចំណាស់អាចផ្តល់នូវការគាំទ្រដល់ក្រុមហ៊ុនធុរកិច្ចថ្មី ទោះបីយើងទើបចាប់ផ្តើមក៏ដោយ៕