(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីណែនាំបន្ថែមពីវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសមេរោគកូវីដ បំប្លែងថ្មី Delta ក្រោយរាជរដ្ឋាភិបាលបានប្រកាសផ្អាកពិធីបុណ្យបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកញ្ញានេះ។

រដ្ឋបាលខេត្តសៀមរាប សូមធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង១២ និងមន្ទីរ-អង្គភាព ដូចខាងក្រោម៖

*ទី១៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងខេត្តត្រូវបានផ្អាកដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចាប់ពីបិណ្ឌទី៣ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

*ទី២៖ រដ្ឋបាលក្រុង-ស្រុក ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអំពីការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយ ដើម្បីជ្រួតជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព។

*ទី៣៖ រដ្ឋបាលក្រុង-ស្រុក ត្រូវពិនិត្យលទ្ធភាព និងចាត់ចែងរៀបចំផែនការផ្គត់ផ្គង់ចង្ហាន់ និងទេយ្យទានចាំបាច់សម្រាប់ប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនានា ស្ថិតក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ក្រុង ស្រុក ដោយអនុវត្តនូវវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។

*និងទី៤៖ មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវធ្វើការធ្វើផ្សព្វផ្សាយដល់មន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ និងគណៈកម្មការវត្តទាំងអស់ក្នុងខេត្ត អំពីការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ដសៀមរាប៖