(បាងកក, ថៃ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើប្រធានរដ្ឋសភាថៃ លោក ឈួន លីកផៃ ឱ្យផ្តល់ការគាំពារសិទ្ធិ និងសុវត្ថិភាពឱ្យបានខ្ពស់ជូនពលករខ្មែរ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសថៃ។

សំណើរបស់លោក សុខ សុក្រឹត្យា បានធ្វើឡើងក្នុងពេលលោកចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួនជាមួយលោក ឈួន លីកផៃ ដែលជាអ្នកនយោបាយជើងចាស់ និងជាអតីតនាយករដ្ឋមន្ត្រីថៃ។ ក្នុងជំនួបនោះ លោកបណ្ឌិត សុខ សុក្រឹត្យា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះលោក ឈួន លីកផៃផងដែរ។

ដោយសារប្រទេសថៃប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងបំពេញការងារនោះ លោកបណ្ឌិត សុខ សុក្រឹត្យា បានស្នើប្រធានរដ្ឋសភាថៃផ្តល់ការគាំពារ លើកម្ពស់សិទ្ធិ និងផ្តល់សុវត្ថិភាពឱ្យបានខ្ពស់ជូនពលករខ្មែរ និងបានស្នើឱ្យមានការចាក់វ៉ាក់សាំងជូនពលករខ្មែរផងដែរ។

ឆ្លើយតបសំណើនេះ លោក ឈួន លីកផៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ តែងតែយកចិត្តទុកដាក់រាល់ពលករកំពុងធ្វើការងារនៅក្នុងប្រទេសថៃ រួមទាំងពលករខ្មែរផងដែរ។ នាពេលកន្លងមក រដ្ឋសភាថៃ បានខិតខំលើកយករបៀបវារៈស្តីពីពលករចំណាកស្រុកមកពិភាក្សាក្នុងកិច្ចប្រជុំ និងបានជំរុញរាជរដ្ឋាភិបាលថៃ ឱ្យបន្តការយកចិត្តទុកដាក់ផ្តល់ការគាំពារ លើកកម្ពស់សិទ្ធិ និងផ្តល់សុវត្ថិភាពការងារ និងការរស់នៅជូនពលករចំណាកស្រុកជាប្រចាំ។

បន្ថែមពីលើនោះ រដ្ឋសភាថៃ តែងបានបានយកចិត្តទុកដាក់ជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា-ថៃ ដែលមិនអាចខ្វះបានក្នុងនាមប្រទេសជិតខាង និងជាសមាជិកក្នុងសហគមន៍អាស៊ានតែមួយ។

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានថ្លែងអំណរគុណជាអនេក ចំពោះប្រធានសភាថៃ ដែលបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ទៅលើការគាំពារសិទ្ធិ និងសុវត្ថិភាពជូនពលករខ្មែរ។

ក្នុងជំនួបដ៏កម្រជាមួយអ្នកនយោបាយចាស់វស្សារបស់ថៃនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបអំពីភាពជោគជ័យក្នុងការដឹកនាំ និងកសាងប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាន ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច-សង្គម។

លោកបណ្ឌិត ក៏បានជម្រាបពីភាពជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសការសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបាន ៨០ភាគរយ ធៀបនឹងប្រជាពលរដ្ឋសរុប ដែលបង្កើតបាននូវខឿនការពារសុខភាពជូនប្រជាពលរដ្ឋកាន់តែប្រសើរពីការរាតត្បាតជំងឺកូវីដ១៩។

លោក ឈួន លីកផៃ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានវិធានការច្បាស់លាស់ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ នៅកម្ពុជា។

ពាក់ព័ន្ធទំនាក់ទំនង និងចំណងមិត្តភាពកម្ពុជា-ថៃវិញ លោក ឈួន លីកផៃ បានបង្ហាញរូបថតអនុស្សាវរីយ៍ចំនួន ២សន្លឹករបស់លោកកាលនៅជានាយករដ្ឋមន្ត្រីថៃ ដែលបានថតជាមួយសម្តេចព្រះមហាវីរៈក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពេលលោកបំពេញបេសកកម្មផ្លូវការនៅកម្ពុជា។ លោកក៏បានរំលឹកពីចំណងទំនាក់ទំនងល្អប្រសើរមួយចំនួនរវាងលោក និងសម្តេចតេជោផងដែរ។

ក្នុងជំនួបនេះលោកប្រធានរដ្ឋសភាជាតិថៃ ក៏បានកោតស្ញប់ស្ញែងអំពីសក្តានុពលទេសចរណ៍ដែលមិនចេះរីងស្ងួតរបស់កម្ពុជា ដែលមានធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងបានជូនជាយោបល់ឱ្យលោកបណ្ឌិត សុខ សុក្រឹត្យា ចុះដកបទពិសោធន៍ជាក់ស្តែងបន្ថែមទៀតអំពីការរៀបចំ និងគ្រប់គ្រងតំបន់ទេសចរណ៍នានាក្នុងប្រទេសថៃ សម្រាប់យកទៅរៀបចំយុទ្ធសាស្រ្តកំណែទម្រង់វិស័យទេសចរណ៍នៅកម្ពុជានាពេលខាងមុខ។

លោក ឈួន លីកផៃ បានសន្យាបន្តរក្សា និងជំរុញទំនាក់ទំនងល្អរវាងកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំ ទាំងរវាងរដ្ឋ ប្រជាជន និងវិស័យឯកជន តាមរយៈការពង្រឹង និងការគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរវាងប្រទេសទាំងពីរ៕