(កំពង់ចាម)៖ រដ្ឋបាលខេត្ដកំពង់ចាម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានសេចក្ដីណែនាំបន្ថែម ពីការបន្ដវិធានការបន្ថែមទៀតដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទ Delta ក្រោយរាជរដ្ឋាភិបាលបានប្រកាសផ្អាកពិធីបុណ្យ ភ្ជុំបិណ្ឌ។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក កម្លាំងប្រដាក់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធដូចតទៅ៖

*ទី១៖ ត្រូវផ្សព្ទផ្សាយការផ្អាកពីធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

*ទី២៖ ដើម្បីជៀសវាងនៅតាមបណ្តាវត្តអារាម មានការខ្វះខាតចង្ហាន់ ព្រះសង្ឃ សូមលោកអភិបាលនៃគណ: អភិបាលក្រុង-ស្រុក មន្ទីរធម្មការ និងសាសនាខេត្ត មេឃុំ-ចៅសង្កាត់ គណៈកម្មការវត្ត និងព្រះគ្រូចៅអធិការគ្រប់វត្តអារាម ត្រូវធ្វើការសម្របសម្រួលជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងការរៀបចំវេន៍ដើម្បីនាំយកចង្ហាន់ប្រគេនព្រះសង្ឃ។ ក្នុងករណីមានពុទ្ធបរិស័ទចំណុះជើងវត្តមានសទ្ធាជ្រះថ្លា នាំយកទេយ្យទាន ឬចង្ហាន់ និងគ្រឿងឧបភោគបរិភោគចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានានោះ គណៈកម្មការអាចារ្យវត្ត ត្រូវសម្របសម្រួលរៀបចំ និងអនុវត្តដូចខាងក្រោម៖

*ត្រូវរៀបចំទីកន្លែង (ដាក់តុ) នៅខាងក្រៅសាលាឆាន់ ឬសាលាបុណ្យ ដើម្បីឱ្យពុទ្ធបរិស័ទនាំយកចង្ហាន់ និងទេយ្យទានដាក់នៅទីនោះ និងតាំងចេតនាកម្មឧទ្ទិសទានដោយខ្លួនឯង ដោយគ្មានវត្តមានព្រះសង្ឃ នៅទល់មុខជាមួយគ្នានោះទេ។

*បន្ទាប់ពីម្ចាស់ទានត្រឡប់ទៅវិញ សូមព្រះចៅអធិការដឹកនាំធ្វើកិច្ចសាសនា ទទួលយកទានដែលពុទ្ធបរិស័ទយកមកប្រគេនទាំងនោះ ដោយត្រូវបាញ់អាល់កុលសំលាប់មេរោគជាមុន និងរក្សាគម្លាត សុវត្ថិភាពជាចាំបាច់។
មិនអនុញ្ញាតឱ្យមានពុទ្ធបរិស័ទប្រគេនដោយផ្ទាល់ជាមួយព្រះសង្ឃ នៅតាមវត្តអារាមឡើយ។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ដកំពង់ចាម ៖