(ភ្នំពេញ)៖ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានសំណូមពរទៅកាន់អ្នកនយោបាយ កុំដើរពឹងពាក់បរទេស ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ដែលជាអំពើនាំឱ្យជាតិខាតបង់។

តាមរយៈ Facebook, លោក សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មុននឹងទៅពឹងបរទេសឱ្យគេជួយ ត្រូវជួយខ្លួនឯង គ្មាននរណាជួយយើងទេបើយើងខ្វះសមត្ថភាព ហើយមិនមានលទ្ធភាពគ្រប់គ្រាន់នោះទេ»។

ជាក់ស្ដែងយើងត្រូវពិនិត្យមើលប្រវត្តិសាស្ត្រ៖

* ខ្មែរពឹងអ្នកជិតខាង ខ្មែរបាត់ទឹកដី
* ខ្មែរត្រូវបានមហាអំណាចជួយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥គឺជាមេរៀន
* ខ្មែរទៅពឹងបារាំងឆ្នាំ១៨៥៩ ដល់ឆ្នាំ១៩៥៤ ខ្មែរបាត់កូសាំងស៉ីន
* អាហ្វហ្កាសនីស្ថាននៅឆ្នាំ១៩៩៦ និងនៅឆ្នាំ២០២១ សុទ្ធសឹងតែជាមេរៀន។

«ដូច្នេះ សូមអ្នកនយោបាយកុំដើរពឹងពាក់បរទេស ដើម្បីតែបុព្វហេតុមហិច្ឆតាអំណាចរបស់ខ្លួន ហើយបណ្ដោយឱ្យប្រទេសជាតិធ្លាក់រងគ្រោះ ប្រជាជនជាអ្នកទទួលរងទុក្ខលំបាក»។ នេះបើតាមសំណេរ លោកបណ្ឌិត។

សូមជម្រាបថា ទោះបីជាមិននិយាយចំឈ្មោះ តែសារនយោបាយរបស់បណ្ឌិត សុខ ទូច គឺចង់សម្តៅដល់អ្នកនយោបាយបែកឆ្វេងមួយចំនួន ដែលចូលចិត្តទៅពាក់បរទេស ឱ្យមកលូកលាន់បញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជា។ អ្នកនយោបាយទាំងនោះ ត្រូវបានគេចាត់ទុកថា ជាបុគ្គលដែលធ្វើនយោបាយ ដើម្បីតែផលប្រយោជន៍ខ្លួនប៉ុណ្ណោះ៕