(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញឆ្នាំ២០២១ (National Career and Productivity Fair 2021-Online) ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២១។

តាមសេចក្តីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ពិព័រណ៍ការងារអនឡាញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវជម្រើសដែលមានភាពបត់បែនកាន់តែងាយស្រួលតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងដើម្បីបន្តរក្សាតុល្យភាពនៃដំណើរការទីផ្សារការងារ ជាពិសេសជួយជ្រោមជ្រែងដល់និយោជកដែលមានតម្រូវការកម្លាំងពលកម្ម ព្រមទាំងបើកវេទិកាទូលាយក្នុងការទទួលបានឱកាសការងារកាន់តែងាយស្រួលដល់អ្នកស្វែងរកការងារ សំដៅកាត់បន្ថយហានិភ័យនៃការរាលដាលនៃជំងឺកូវីដ-១៩ និងការចូលអនុវត្តម៉ឺងម៉ាត់នូវវិធានការ «៣-ការពារ ៣-កុំ»។

ព្រឹត្តិការណ៍នេះដែរក៏នឹងទទួលស្វាគមន៍និយោជក និងអ្នកស្វែងរកការងារឲ្យចូលជ្រើសរើសកម្លាំងពលកម្ម និងដាក់ពាក្យស្នើសុំការងារ តាមរយៈប្រព័ន្ធអនឡាញនៅលើគេហទំព័រ www.careerfair.nea.gov.kh។

ជាមួយគ្នានោះ ក្រសួងការងារក៏បានអំពាវនាវដល់ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស អង្គការជាតិ-អន្តរជាតិ អ្នកស្វែងរកការងារ និងសាធារណជន ដែលមានបំណងចូលរួមតាំងបង្ហាញ ឬត្រូវការព័ត៌មានពិស្តារអំពីពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញឆ្នាំ២០២១ សូមទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ តាមរយៈលេខទូរស័ព្ទ 017 871 807 / 016 438 843។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារស្តីពីពិព័រណ៍ការងារ និងផលិតភាពអនឡាញឆ្នាំ២០២១៖