(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ពីករណីជុំវិញករណីទំនាស់រវាងមេបញ្ជាការរង កងរាជអាវុធហត្ថស្រុកឈូក ខេត្តកំពត និងភាគីម្ខាងទៀត រឿងដីធ្លីចំនួន១២ហិចតា នៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានរំឮកថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រកាសព័ត៌មានអំពីចំណាត់ការលើករណីនេះ ជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ ជ្រាបជាព័ត៌មានរួចផងដែរ។

ក្នុងកិច្ចព្រមព្រៀង ភាគីទាំងពីរបានព្រមព្រៀងរក្សានូវស្ថានភាពដើមនូវព្រំដីរបស់ខ្លួន នៅចំណុចភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ដោយមិនធ្វើការកែប្រែណាមួយនាំឱ្យខុសពីរូបភាពដើមនោះទេ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់។ ប៉ុន្តែបុគ្គលដែលពាក់ព័ន្ធ និងបុគ្គលមួយចំនួនទៀត នៅតែធ្វើការផ្សព្វផ្សាយ និងបញ្ចេញមតិ ដែលធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យខូចកិត្តិយស កេរ្តិ៍ឈ្មោះបុគ្គល ឬអង្គភាពកងរាជអាវុធហត្ថ ដែលកំពុងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ពង្រឹងការអនុវត្តច្បាប់បម្រើការពារ និងជួយសង្គ្រោះប្រជាពល រដ្ឋដោយសារឧបទ្ទវហេតុផ្សេងៗ ជាពិសេសកំពុងចូលរួមយ៉ាងសកម្មទាំងកម្លាំងកាយ កម្លាំងចិត្ត ទាំងធនធានហិរញ្ញវត្ថុ សម្ភារៈនានា ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺឆ្លងរាលត្បាតសកលកូវីដ១៩ទៀតផង។

កងរាជអាវុធហត្ថ បានឱ្យដឹងថា ដើម្បីមានវិធានការការពារតម្លៃសា្ថប័ន កងរាជអាវុធហត្ថ និងដើម្បីយុត្តិធម៌សង្គម កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ចាត់ចែងស្រាវជ្រាវរកការពិតអំពីបណ្ដឹងនេះឱ្យបានច្បាស់លាស់ និងរាយការណ៍អំពីលទ្ធផលជាបន្ទាន់។

ក្រោយពីធ្វើការស្រាវជ្រាវចប់នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពត បានបញ្ជាក់ថា «លោកអនុសេនីយ៍ឯក ហេង សុវុទ្ធី បានបំភ្លឺថា បានកាន់កាប់ដីនេះតាំងពីឆ្នាំ២០០៦ មកម្លេះ ហើយដីនេះមានទីតាំងស្ថិតនៅភូមិជ័យសេនា ឃុំតាកន ស្រុកឈូក ខេត្តកំពត ដែលមានក្បាលដីទទឹង៨០ម៉ែត្រ និងបណ្តោយ៨០០ម៉ែត្រ។

ដីនេះបានស្នើសុំកាន់កាប់រស់នៅនឹងដាំដំណាំតាំងពីឆ្នាំ២០០៦ ដែលមានការដឹងឮចាប់ពីថ្នាក់ភូមិឃុំ ស្រុក ដោយមិនមានបញ្ហាជំទាស់អ្វីទេ។ នៅឆ្នាំ២០១២ ក្រុមនិស្សិតស្ម័គ្រចិត្តសម្ដេចតេជោ និងមន្ត្រីសុរិយោដីខេត្តកំពត បានចុះវាស់វែងដើម្បីចេញប្លង់កម្មសិទ្ធិរហូតដល់ថ្ងៃបិទ ផ្សាយក៏ត្រូវបានលោកជំទាវ ចាន់ សុទ្ធា ធ្វើការជំទាស់ពេលនោះលោកអនុសេនីយ៍ឯក ហេង សុវុទ្ធី ក៏បានប្ដឹងតវាក្រោយមកខាងលោកជំទាវ ចាន់ សុទ្ធា ក៏ឈប់ប្ដឹងទាស់។

ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦, ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោកអនុ សេនីយ៍ឯក ហេង សុវុទ្ធី បានស្នើសុំឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពត ប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីចេញប័ណ្ណកម្មសិទ្ធិ គឺមន្ទីរជំនាញបាន វាស់វែងរួចហើយ ដែលមានក្បាលដីលេខ៥២៦ និង៥១២ ក្នុងនោះក្បាលដីលេខ៥១២ គឺជាដីរបស់ស្នាក់ការសន្តិសុខអូរដីសរ»។

រីឯបុគ្គលឈ្មោះ តូ វណ្ណៈ (ជាប្តី) និងឈ្មោះ ភួង លក្ខិណា (ជាប្រពន្ធ) បានប្ដឹងចោទប្រកាន់លោកអនុសេនីយ៍ឯក ហេង សុវុទ្ធី ពុំមានឯកសារ ឬការទទួលស្គាល់ពីអាជ្ញាធរទេ។ រឿងក្តីនេះ លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពត បានបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌលេខ១០ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ របស់ដើមបណ្តឹងឈ្មោះ តូ វណ្ណៈ (ប្តី) និងឈ្មោះ ភួង លក្ខិណា (ប្រពន្ធ) ត្រូវបានតម្កល់ទុកឥតចាត់ការ ព្រោះដីដែលមានទំនាស់នេះ គឺគ្មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ទេ»។

ឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា ឈ្មោះ តូ វណ្ណៈ និងឈ្មោះ ភួង លក្ខិណា ព្រមទាំងបុគ្គលដែលពាក់ព័ន្ធក្នុងការបង្ហោះផ្សព្វផ្សាយរឿងហេតុខាងលើនេះជ្រាបដូចខាងក្រោម៖

*ទី១៖ តាមការចុះធ្វើអធិការកិច្ច និងការស្រាវជ្រាវរបស់កងរាជអាវុធហត្ថ ព្រមទាំងតាមផ្លូវតុលាការ បញ្ជាក់ថា លោកអនុសេនីយ៍ឯក ហេង សុវុទ្ធី មិនទាន់ឃើញគាត់មានកំហុសឆ្គង ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ច ក្រមសីលធម៌ វិជ្ជាជីវៈ និងប្រព្រឹត្តបទល្មើសនៅឡើយ។ លោកអនុសេនីយ៍ឯក ហេង សុវុទ្ធី ជាយោធិននៃកងរាជអាវុធហត្ថ ប៉ុន្តែគាត់ក៏ជាពលរដ្ឋផងដែរ គាត់ក៏មានសិទ្ធិប្តឹងទៅតុលាការ តាំងខ្លួនជាដើមបណ្តឹងទាមទារសំណងរដ្ឋប្បវេណី ដូចមានចែងក្នុងមាត្រា៣០៥ បទបរិហារកេរ្ដិ៍ជាសាធារណៈ មាត្រា៣០៦ អំពើបរិហារកេរ្តិ៍តាមសារព័ត៌មាន និងមាត្រា៣១១ បទប្តឹងបរិហារបង្កាច់កេរ្តិ៍ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

*ទី២៖ ឈ្មោះ តួ វណ្ណៈ និងឈ្មោះ ភួង លក្ខិណា ករណីមិនសុខចិត្ត មានសិទ្ធិប្ដឹងបន្តតាម ផ្លូវតុលាការ មិនត្រូវធ្វើការបង្ហោះផ្សព្វផ្សាយធ្វើឱ្យមានការភាន់ច្រឡំ ខូចកិត្តិយស កេរ្តិ៍ឈ្មោះ បុគ្គល ឬអង្គភាពកំងរាជអាវុធហត្ថឡើយ។

*ទី៣៖ ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ បុគ្គលណាដែលបង្ហោះផ្សព្វផ្សាយគ្រប់ការអះអាងបំផ្លើស ឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬនៃសា្ថប័នកងរាជអាវុធហត្ថ នឹងប្រគល់សិទ្ធិតំណាងមេធាវីរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្ដឹងតាមផ្លូវច្បាប់៕