(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ស៊ុយ សារិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយ ថវិកា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកមកប្រគល់ជូនបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១ អង្គភាពកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងពលតូចថ្មើជើងលេខ១២៨ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ ដែលជាអង្គភាពចងសម្ព័ន្ធមេត្រីភាព។

នៅក្នុងឱកាសនេះលោក ស៊ុយ សារិទ្ធ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ នៃសាលារាជធានីភ្នំពេញ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ហើយក៏សូមថ្លែងកោតសរសើរដែលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះ បានបូជានូវកម្លាំងកាយចិត្ត ឈរជើងការពារទឹកដី តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា ថៃ ឡាវ ដោយមិនគិតពីឧបស្គ្គអ្វីឡើយ។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា «ជាទូទៅអង្គភាពសាលារាជធានីភ្នំពេញ ដែលជាអង្គភាពចងសម្ព័ន្ធមេត្រី បានប្រកាន់នូវជំហរទៀងទាត់ គឺតែងតែចុះមកជួបសួរសុខទុក្ខ សំណេះសំណាល និងនាំអំណោយមកប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហានរបស់យើង រៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ»

ជំនួសមុខឲ្យបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងពលតូចថ្មើជើងលេខ១២៨ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣, លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងអំណរគុណដល់ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយលោក ស៊ុយ សារិទ្ធ ដែលបានឆ្លៀតពេលដ៏មមាញឹក ដឹកនាំប្រតិភូសាលា រាជធានីភ្នំពេញ ចុះមកជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំអំណោយ ថវិកា មកចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យភ្ជុំ បិណ្ឌប្រពៃណីខ្មែនៅពេលនេះ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងទៀតថា សាលារាជធានីភ្នំពេញ គឺជាអង្គភាពសម្ព័ន្ធមេត្រីភាពមួយ តែងបានយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីសុខទុក្ខរបស់បងប្អូនជាប្រចាំ ព្រមទាំងបានចូលរួមចំណែក ជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់អង្គភាពយើងខ្ញុំ ទាំងស្មារតី សម្ភារ ថវិកា សម្រាប់កសាងអង្គភាព ក៏ដូចជាថវិកាចែកជូនដល់ដៃបងប្អូនផ្ទាល់ផងដែរ។

លោកថា «កត្តាទាំងអស់នេះ គែពិតជាបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ អំពីការអាណិតស្រឡាញ់ ការយកចិត្តទុកដាក់ ការរួមសុខរួមទុក្ខ ការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមូរភូមិនិងសមូរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយដឹកនាំដ៍ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន៕