(កំពង់ធំ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តកំពង់ធំ។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលាខេត្តកំពង់ធំ។

លោក សុខ លូ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំ មានមន្ទីរសុខាភិបាលជាសេនាធិការ បានអនុវត្តយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង ដោយបានដំណើរការចាប់តាំងពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១ មកដល់ពេលនេះ សម្រេចបានចំនួន៤៦៦,៩៦៧នាក់ (ស្រី២៤២,០៣២នាក់) លើប្រជាពលរដ្ឋសរុបចំនួន ៤៨១,១៣៦នាក់ (ស្រី២៥៤,២០៧នាក់) ស្មើនឹង៩៧,០៦%។

ដោយឡែកសម្រាប់ កុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ បានចាប់ផ្តើមដំណើរការចាក់ ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មកដល់ពេលនេះ សម្រេចបានចំនួន ៨៧,៦៣២នាក់ (ស្រី៤២,៩៥៩នាក់) លើចំនួនសរុប៩៤,៣១៧នាក់ (ស្រី៤៧,០០៨នាក់) ស្មើនឹង៩២,៩១% (គិតត្រឹមថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២១)។

បើតាមលោកអភិបាលខេត្ត កន្លងទៅថ្មីៗនេះ ពោលគឺនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់កុមារ អាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ បើគិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សម្រេចបានចំនួន ៤៥,៧៩៩នាក់ (ស្រី២២,៦១៦នាក់) លើចំនួនសរុប ១០០,៩៣១នាក់ (ស្រី៥០,៤៦១នាក់) ស្មើនឹង៤៥,៣៨% សម្រាប់ដូសទី១។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តកំពង់ធំសម្រេច ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោកស្រី ក៏បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់ដោយប្រការណាមួយ។

លោកស្រីប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានណែនាំដល់រដ្ឋបាលខេត្តកំពង់ធំ ត្រូវបន្ដជំរុញ និងបង្កើននូវការផ្សព្វផ្សាយយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីបន្ដចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩។

ដោយសាររដូវកាលនេះ ជាពិធីកាន់បិណ្ឌប្រពៃណីជាតិខ្មែរនោះ លោកស្រី ឱ វណ្ណឌីន បានផ្ដល់នូវអនុសាសន៍មួយចំនួនជូនរដ្ឋបាលខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមទីវត្តអារាម ដែលជាកន្លែងប្រមូលផ្ដុំពុទ្ធបរិស័ទច្រើន និងមានហានិភ័យខ្ពស់ក្នុងចម្លងជំងឺកូវីដ១៩ ឲ្យម៉ឺងម៉ាត់បំផុត ពិសេសអនុវត្តតាមសេចក្ដីណែនាំដែលចេញដោយក្រសួងសុខាភិបាល និងក្រសួងធម្មការ និងសាសនា កាលពីពេលកន្លងទៅ៕