(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការគាំទ្រចំពោះកិច្ចសហការរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពអប់រំ-បណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ដែលនឹងជួយដល់វិស័យ TVET កម្ពុជារីកលូតលាស់មួយកម្រិតទៀត។

ការគាំទ្រនេះត្រូវបានធ្វើឡើងក្នុងឱកាសលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបជាមួយលោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ។

លោក ប៉ិច បូឡែន បានស្នើសុំការគាំទ្រពីលោករដ្ឋមន្ត្រី និងចង់មានការទទួលស្គាល់ពីក្រសួងការងារជាផ្លូវការ ពាក់ព័ន្ធនឹងកិច្ចការងារដែលខាងសហព័ន្ធកំពុងតែអនុវត្តនាពេលបច្ចុប្បន្ន និងសុំការគាំទ្រកិច្ចសហការពីខាងក្រសួងការងារ ដើម្បីបន្ស៊ីនូវសកម្មភាព និងបេសកម្មរួមជាមួយគ្នានាពេលខាងមុខ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីលើកឡើងថា នេះក៏ជាគំនិតផ្តួចផ្តើម និងជាយន្តការសម្រាប់សម្របសម្រួលរវាងសហព័ន្ធសេវាអប់រំនៅកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសកម្មភាពដូចគ្នា ដើម្បីរួមគ្នាធ្វើកិច្ចការខាងផ្នែកអប់រំបណ្តុះបណ្តាលធនធានមនុស្ស ទាំងអប់រំ និងបណ្តុះបណ្តាលនេះទៀតសោត គឺស្ថិតក្នុងក្របខណ្ឌអាទិភាពគោលនយោបាយរបស់រដ្ឋាភិបាល ដែលបច្ចុប្បន្នផ្នែកបច្ចេកវិទ្យា មានការអភិវឌ្ឍរីកចម្រើនខ្លាំងណាស់ ដែលទាមទារចាំបាច់ឲ្យមានការចូលរួមជាមួយភាគីពាក់ព័ន្ធ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកខ្លាំងក្លាណាស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សនេះ ដោយបានបង្កើតសាលារៀនគ្រប់កម្រិតស្ទើរតែគ្រប់ទីកន្លែង ដោយធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលជូនដល់សិក្ខាកាមបានសិក្សារៀនសូត្រឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីជាបង្អែកដ៏រឹងមាំក្នុងការកសាងខឿនសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រីបានបន្តថា «យើងត្រូវផ្លាស់ប្តូរផ្នត់គំនិតរបស់យុវជន និងអាណាព្យាបាលឲ្យយល់ពីសារប្រយោជន៍នៃការសិក្សាជំនាញ TVET នេះ ដូចជារកការងារធ្វើស្រួល មានប្រាក់ខែច្រើន អនាគតទៅមុខអាចបន្តការសិក្សា យកសញ្ញាបត្រខ្ពស់ៗបន្ថែមបានទៀតផង»

លោក ប៉ិច បូឡែន និងសហព័ន្ធសេវាអប់រំនៅកម្ពុជា បានសម្តែងការពេញចិត្តក្នុងការចូលរួមសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើយ៉ាងណាដើម្បីឲ្យបេសកម្មរួមលើកិច្ចការងារអប់រំបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាកាន់តែមានគុណភាព ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិឲ្យកាន់តែមានការអភិវឌ្ឍឈានទៅមុខឥតឈប់ឈរ។

គួរបញ្ជាក់ផងដែរថា សហព័ន្ធសេវាអប់រំនៅកម្ពុជា ជាសមាគមមួយដែលទើបតែបង្កើតឡើង និងបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ ដោយរួមផ្តុំ ស្ថាប័ន សមាគមអប់រំ និងបណ្តុះបណ្តាលប្រមាណជិត១០០ស្ថាប័ន ហើយកំពុងបន្តទទួលសមាជិកចូលជាប្រចាំ។ សហព័ន្ធសេវាអប់រំនៅកម្ពុជា មានគោលបំណងសំខាន់ប្រមូលផ្តុំគ្រឹះស្ថាន ក្រុមហ៊ុនផ្តល់សេវាអប់រំ និងបណ្តុះបណ្តាលទាំងអស់ក្នុងប្រទេសកម្ពុជា ដែលមានឆន្ទៈ និងចូលរួមជាមួយរាជរដ្ឋាភិបាល ពិសេសតាមរយៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគម អង្គការនានា អភិវឌ្ឍន៍កាន់តែប្រសើរបន្ថែមទៀតនូវគុណភាពអប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលនឹងរួមចំណែកក្នុងការជំរុញផលិតភាព សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរឹងមាំ៕