(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានកែសម្រួលវិធានការព្រំដែនឡេីងវិញ ដោយបានដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រទេសដែលតម្រូវឲ្យធ្វើចត្តាឡីស័កពេលមកដល់ជប៉ុន ចំនួន០៣ថ្ងៃនៅកន្លែងដែលរៀបចំដោយប្រធានចត្តាឡីស័កជប៉ុន ហើយត្រូវធ្វើតេស្ត នៅថ្ងៃទី៣។ នេះបេីតាមសេចក្តីប្រកាសរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

តាមសេចក្តីជូនដំណឹងនេះ លោក អ៉ឹម រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា វិធានការថ្មីនេះ បាន និងកំពុងចាប់អនុវត្ដពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១តទៅ ដោយអ្នកដំណើរមកពីប្រទេសកម្ពុជាត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅកន្លែងផ្ទាល់ខ្លួន ជំនួសវិញ ឱ្យបានគ្រប់១៤ថ្ងៃ។

បន្ថែមពីនេះទៀត លោកសូមប្រជាពលរដ្ឋខ្មែរ មេត្តាសហការ និងប្រតិបត្តិតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថ កិច្ចជប៉ុន និងកម្ពុជា និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងសូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់ នូវអនាម័យល្អ ពាក់ម៉ាសជាប្រចាំ ចៀសវាសការជួបជុំគ្នាច្រើន រក្សាគម្លាតពេលមានការជួបជុំគ្នាច្រើន។

ការកែសម្រួលវិធានការរបស់រដ្ឋាភិបាលជប៉ុន ចំពោះអ្នកដំណេីរនៅកម្ពុជានេះ បានធ្វេីឡេីងបន្ទាប់ពីស្ថានភាពរីករាលដាលជំងឺកូវីដ១៩ និងអត្រាស្លាប់ដោយជំងឺនេះ នៅកម្ពុជា មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ជាពិសេសនៅរាជធានីភ្នំពេញតែម្តង៕