(បាងកក, ថៃ)៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ បានអបអរសាទរ និងសរសើរជាខ្លាំងចំពោះការដឹកនាំ និងគ្រប់គ្រងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួមទាំងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលថៃ បានហៅលទ្ធផលដែលកម្ពុជាសម្រេចបានលើការចាក់វ៉ាក់សាំង និងគ្រប់គ្រងជំងឺកូវីដ១៩ គឺជាជោគជ័យដ៏ត្រជះត្រចង់។

ការអបអរសាទរ និងលើកសរសើរនេះ ត្រូវបានធ្វើឡើងដោយលោក Anucha Nakasai រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីថៃ ក្នុងពេលរូបអនុញ្ញាតឱ្យលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅនេះ។

ក្នុងជំនួបនេះលោក Anucha Nakasai និងលោក សុខ សុក្រឹត្យា បានជជែកលើការពង្រឹងទំនាក់ទំនង សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មជាដើម។ ភាគីទាំងពីរក៏បាននិយាយពីផលលំបាកមួយចំនួនលើផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ផងដែរ។

ពាក់ព័ន្ធជំងឺកូវីដ១៩នេះ លោកបណ្ឌិត សុខ សុក្រឹត្យា បានលើកបង្ហាញពីយុទ្ធសាស្ត្រ វិធានការ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីកាត់បន្ថយការរាតត្បាតជំងឺ ដូចជាការដាក់ចេញវិធានការបិទខ្ទប់ប្រទេស បិទខ្ទប់កន្លែងឆ្លងរាលដាលខ្លាំង ប្រឹងស្វែងរកអ្នកពាក់ព័ន្ធឱ្យបានរហ័ស ក៏ដូចជាការគ្រប់គ្រងឱ្យបានប្រសើរនៅតាមមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺជាដើម។ ក្នុងនោះចំណុចយុទ្ធសាស្ត្រលើការប្រយុទ្ធប្រឆាំងជំងឺនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យក គឺការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានរហ័ស។

ពាក់ព័ន្ធការចាក់វ៉ាក់សាំងនេះ លោក សុខ សុក្រឹត្យា បានជម្រាបរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីថៃថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការចាក់យ៉ាងរហ័សរហួនបំផុត ហើយការចាក់ត្រូវបានដាក់ចេញជាដំណាក់ ដោយជ្រើសយកការចាក់ជូនបុគ្គលអាទិភាព និងកន្លែងដែលជាទីប្រជុំជន ហើយចាក់ដេញទៅជាបន្តបន្ទាប់។ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំង៣ដំណាក់កាលហើយ ដំណាក់កាលទី១ ចាក់ជូនមនុស្សពេញវ័យចាប់ពីអាយុ ១៨ឆ្នាំឡើង បន្ទាប់មកកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ ១៨ឆ្នាំ និងដំណាក់កាលទី៣ គឺចាក់ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ។ អ្វីដែលកាន់តែពិសេសនោះ ការចាក់វ៉ាក់សាំងត្រូវបានធ្វើឡើងដោយមិនគិតថ្លៃឡើយ។

លោកបណ្ឌិត សុខ សុក្រឹត្យា បានគូសបញ្ជាក់ដែរថា មកដល់ពេលនេះកម្ពុជាសម្រេចការចាក់វ៉ាក់សាំងបានជិត ៨០ភាគរយហើយ ធៀបនឹងចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ដែលជាលទ្ធផលមួយដ៏ល្អប្រសើរ។

ក្រោយពីបានស្តាប់នូវអ្វីដែលលោកបណ្ឌិត សុខ សុក្រឹត្យា បានលើកឡើងនេះ លោកបណ្ឌិត Anucha Nakasai សម្តែងការអបអរសាទរ និងកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងនេះ។ លោកបណ្ឌិត Anucha Nakasai បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ឆ្លាតវៃ និងបទពិសោធន៍ជ្រាលជ្រៅមួយរូបនៅក្នុងតំបន់លើការដឹកនាំប្រទេស ដើម្បីជម្នះលើបញ្ហានានា។

លោករដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីថៃ ក៏បានកោតសរសើរផងដែរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងប្រទេសកម្ពុជា ពីវិបត្តិនៃភ្លើងសង្គ្រាមមកជាប្រទេសមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ។

នៅក្នុងជំនួបនេះលោករដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីថៃ បានសន្យាបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗឱ្យទទួលបានជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

បើតាមលោកបណ្ឌិត សុខ សុក្រឹត្យា បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីគ្នាទៅវិញទៅមកប្រកបដោយភាពស្និទ្ធស្នាល រូបលោក និងរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីថៃ បានប្តេជ្ញាបន្តរក្សាចំណងមិត្តភាពកម្ពុជា-ថៃ ដែលមានភាពចាស់ទុំជាង ៧១ឆ្នាំមកហើយនេះ ឱ្យកាន់តែស្អិតរមួត និងបន្តរឹតចំណងសាមគ្គីភាពល្អរវាងគ្នានិងគ្នាតទៅអនាគត៕