(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រទេសនានាលើពិភពលោក ឱ្យមានការកំណត់វ៉ាក់សាំងកូវដ-១៩ ទាំងអស់ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកល ដោយគ្មានការរើសអើងទៅលើប្រភេទ។

ការអំពាវនាវនេះ បានធ្វើឡើងតាមរយៈសុន្ទរកថាជាលាយលក្ខណ៍អក្សរមួយ ដែលបានផ្ញើទៅចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលត្រូវបានរៀបចំឡើងដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ដោយសារវ៉ាក់សាំងជាទំនិញដ៏សំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស កម្ពុជាសូមស្វាគមន៍នូវការកំណត់គោលដៅចាក់វ៉ាក់សាំង ជាពិសេសការចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៧០% នៃប្រជាជនពិភពលោក»

ទន្ទឹមនេះ សម្តេចក៏បានអំពាវនាវឱ្យមានការកំណត់វ៉ាក់សាំងកូវដ-១៩ ទាំងអស់ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកល ដោយគ្មានការរើសអើងទៅលើប្រភេទ និងប្រភពនៃវ៉ាក់សាំង ព្រមទាំងអំពាវនាវឱ្យកំណត់វ៉ាក់សាំងកូវីដ-១៩ ជាទំនិញសាធារណៈ ដែលមានថ្លៃសមរម្យ និងអនុញ្ញាតឱ្យគ្រប់ប្រទេសទាំងអស់ អាចមានលទ្ធភាព ទទួលបាន និងប្រើប្រាស់បានតាមតម្រូវការ ហើយលើសពីនេះទៀត បើកចំហការផលិតវ៉ាក់សាំងកូវីដ-១៩ យ៉ាងទូលាយទៅតាមតំបន់ និង ប្រទេសនានា ដែលមានលទ្ធភាព តាមរយៈការផ្ដល់ហិរញ្ញប្បទាន និងការលើកទឹកចិត្ត ដល់ការវិនិយោគលើការផលិតវ៉ាក់សាំង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់រដ្ឋាភិបាលទាំងអស់ សូមកុំប្រមូលទិញវ៉ាក់សាំងទុកសម្រាប់តែប្រទេសរបស់ខ្លួន ឬ រក្សាវ៉ាក់សាំងដែលខ្លួនផលិត បានទុកសម្រាប់ប្រើប្រាស់តែក្នុងប្រទេសផ្ទាល់ខ្លួនផងដែរ៕