(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញបន្ថែមឱ្យគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ ត្រូវពង្រីកកិច្ចសហការអនុវត្តស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ឱ្យដល់ទីវត្តអារាម ផ្សារសាធារណៈ ផ្សារទំនើបជាដើម ពីព្រោះថារដូវនេះគឺជារដូវភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋនឹងទៅផ្សារដើម្បីទិញអីវ៉ាន់យកមកធ្វើម្ហូបចង្ហាន់ទៅវត្តអារាម។

ការណែនាំបន្ថែមយ៉ាងដូច្នេះរបស់លោក ថោង ខុន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា បន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានបន្ថែមនូវការអនុវត្ត «ស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី» កាន់តែខ្លាំងឡើង ដើម្បីជំរុញឱ្យគ្រប់គោលដៅទេសចរណ៍នៅតាមរាជធានី-ខេត្តកាន់តែមានសុវត្ថិភាពពីការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីជួយឱ្យការបើកទេសចរណ៍ផ្ទៃក្នុងឡើងវិញកាន់តែរលូន។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ក៏បានជំរុញឱ្យប្រតិបត្តិករទេសចរណ៍ អ្នកបម្រើការនៅតាមគោលដៅទេសចរណ៍ទាំងអស់ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីគាំទ្រដល់ផែនការបើកទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផែនការបើកទទួលទេសចរអន្តរជាតិឡើងវិញនាពេលខាងមុខផងដែរ។

នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ លោករដ្ឋមន្ត្រី ថោង ខុន បានជជីកដេញដោលទៅកាន់ប្រធានមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្តអំពីស្ថានភាពគោលដៅទេសចរណ៍ ចលនាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏ដូចជាការអនុវត្តតាមវិធាននានាផងដែរ ពិសេសគឺវិធានស្ដង់ដា SOP ដែលជាគម្ពីរដ៏ស័ក្តិសិទ្ធិក្នុងការជួយឱ្យវិស័យទេសចរណ៍ដំណើរការឡើងវិញបានល្អ។ ជាលទ្ធផល គ្រប់រាជធានី-ខេត្តគឺអនុវត្តតាមស្ដង់ដា SOP បានល្អ ខណៈនៅរាជធានី-ខេត្តភាគច្រើនក៏បានបើកវិស័យទេសចរណ៍ឡើងវិញហើយដែរ លើកលែងតែខេត្តខ្លះដែលនៅមានភាពចាំបាច់ក្នុងការបិទខ្ទប់មូលដ្ឋានរបស់ខ្លួន។

លោករដ្ឋមន្ត្រី ថោង ខុន ណែនាំបន្ថែមថា «គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ ត្រូវពង្រីកកិច្ចសហការអនុវត្តស្ដង់ដា SOP នេះ ជាមួយ មន្ទីរ និង ស្ថាប័នពាក់ពាន់ ឱ្យដល់ទីវត្តអារាម និងនៅតាមផ្សារសាធារណៈ ផ្សារទំនើបជាដើម ពីព្រោះថារដូវនេះគឺជារដូវភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋនឹងទៅផ្សារដើម្បីទិញអីវ៉ាន់យកមកធ្វើម្ហូបចង្ហាន់ទៅវត្តអារាម ដូច្នេះច្បាស់ជាមានការជួបគ្នា ដែលជាចំណុចមួយត្រូវតែអនុវត្តឱ្យបានហ្មត់ចត់ មិនមែនធ្វើតែគោលដៅទេសចរណ៍នោះទេ»។

ជាការសង្កត់ធ្ងន់របស់លោករដ្ឋមន្ត្រី ថោង ខុន កម្ពុជាត្រូវរៀនរស់ជាមួយកូវីដ មានន័យថា ប្រកបរបរ អាជីវកម្ម ការងារប្រចាំថ្ងៃបានផង រួមគ្នាប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដនេះផង។ លោកថា កម្ពុជាមិនប្រកាន់នយោបាយ Zero Covid ដែលមានន័យថាចាំដល់អស់កូវីដទើបបើកសេដ្ឋកិច្ចឡើងវិញដូចបណ្ដាប្រទេសខ្លះនោះឡើយ។ ដូច្នេះដើម្បីអនុវត្តកិច្ចការនេះទៅបាន គឺត្រូវតែអនុវត្តតាមស្តង់ដា SOP ព្រមទាំងវិធានការ «៣-ការពារ ៣-កុំ» វិធានការសុខាភិបាលជាដើម ត្រូវពាក់ម៉ាស ត្រូវមានទឹកអាកុល ឬជែលលាងដៃ ត្រូវរក្សាគម្លាត រាល់ពេលទៅទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ឬតំបន់ទេសចរណ៍ផ្សេងទៀត៕