(ភ្នំពេញ)៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យធំជាងគេមួយនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនានៅកម្ពុជា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ និងសាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសជួបឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ហើយអ្វីដែលខុសប្លែកខ្លាំងនោះ គឺវាត្រូវបានប្រព្រឹត្តទៅអំឡុងពេលជំងឺកូវីដ១៩ កំពុងវាយលុកគ្រប់ទីកន្លែង។ ប្រការនេះហើយ ទើបរាជរដ្ឋាភិបាល បានណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលជាពុទ្ធសាសនិក មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តការការពារការចម្លងជំងឺកូវីដ១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ ៣ការពារ។ «៣ ការពារ មានន័យថា ត្រូវពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និង៣កុំ គឺកុំទៅកន្លែងមានមនុស្សច្រើន កុំ ទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា»។ បន្ថែមលើនេះ ក្រសួងធម្មការ និងសាសនា ក៏បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយជំរុញឲ្យគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទនូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល និងអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាល។ ការណែនាំរបស់រាជរដ្ឋាភិបាល សម្រាប់អនុវត្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ត្រូវបានវត្តអារាមនានា ក្នុងរាជធានីភ្នំពេញ អនុវត្តបានយ៉ាងខ្ជាប់ខ្ជួន។

ជាក់ស្តែង ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យដំណើការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា និងចូលរួមបដិបត្តិតាមសេចក្ដីណែនាំនានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី ក្នុងការអនុវត្តវិធានការចាំបាច់នានា សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ដែលជាជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ វត្តទាំង ១៨ទីតាំង ដែលស្ថិតក្រោមការគ្រប់គ្រងសាលាអនុគណខណ្ឌកំបូល បានត្រៀមខ្លួនយ៉ាងត្រឹមត្រូវ ដើម្បីទទួលញាតិមិត្តជិតឆ្ងាយ ក្នុងការទៅចាប់យកកុសលផលបុណ្យ។

មិនត្រឹមតែរៀបចំបានល្អទេ ព្រះសិរីកោសល សុំ សុខា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណ រាជធានីភ្នំពេញ ព្រះគ្រូសង្ឃសរណវេទី ព្រះអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការ វត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល ក៏បានដាស់ស្មារតីដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ផងដែរ។ ព្រះតេជគុណមានសង្ឃដីកាបញ្ជាក់ថា៖ «ត្រូវពាក់ម៉ាស មានអាល់កុល មានជែល សម្រាប់លាងសម្អាតដៃ មានសាប៊ូសម្រាប់លាងដៃ មានម៉ាស៉ីនសម្រាប់វាស់កម្តៅ មានម៉ាស៉ីនសម្លាប់មេរោគជាដើម។ បើយើងមិននាំគ្នាចូលរួមអនុវត្តវិធានការទាំងនេះទេ យើងអាចប្រឈមនឹងហានីភ័យបាន តែមួយពព្រិចភ្នែកប៉ុណ្ណោះ»

មិនខុសពីវត្តដទៃទេ គឺវត្តវារិន្ទព្រែកលៀប ស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានកំណត់កន្លែងរាប់បាត្រដាច់ពីគ្នា ប្រមាណ ១ម៉ែត្រកន្លះ ដើម្បីកុំឲ្យពុទ្ធបរិស័ទប្រជ្រៀតគ្នាពេលរាប់បាត្រ ដែលអាចបង្កហានីភ័យលើការរីករាលដាលការចម្លងមេរោគ។ មិនតែប៉ុណ្ណោះ វត្តមិនអនុញ្ញាតឲ្យពុទ្ធបរិស័ទ ឡើងសាលាឆាន់ពេលមានគ្នាច្រើននោះឡើយ។

ព្រះតេជគុណ សុខ បាយ័ន្ត គ្រូសូត្រឆ្វេងវត្តវារិន្ទព្រែកលៀប មានសង្ឃដីកាថា «នៅវត្តវារិន្ទព្រែកលាប ព្រះគ្រូចៅអធិការបានប្រជុំណែនាំបង្កើតនូវអនុគណៈកម្មការ រៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ច្រើនលើកច្រើនសារ។ សម្រាប់ការអនុវត្តដំបូងនេះ បានភាគរយខ្ពស់ចំពោះវិធានអនាម័យ»

តាមសង្ឃដីកាព្រះតេជគុណ សុខ បាយ័ន្ត, បើគេក្រឡេកមើល ការទទួលពុទ្ធបរិស័ទ វត្តព្រែកលាបបានរៀបចំ ៤ទីតាំងឯណោះ គឺសាលាឆាន់១ ហោត្រៃយ៍១ ព្រះវិហារជាន់ខាងក្រោម១ និងកុដិព្រះចៅអធិការ១។ គ្រប់ទីតាំងអស់ សុទ្ធតែមានម៉ាស៉ីនវាស់កម្តៅ និងអាល់កុលសម្រាប់លាងដៃ និងមានព្រះសង្ឃដែលជាគណៈកម្មការនៅមើលគ្រប់ទីតាំងតែម្តង។ ចំពោះសាលាឆាន់ ដែលជាកន្លែងធំនោះ គឺមានដាក់ម៉ាស៉ីនបាញ់អាល់កុល ហើយទីតាំងផ្សេងៗ ដាក់ដបអាល់កុលធម្មតា ជាមួយការវាស់កម្តៅ។

ងាកទៅមើលវត្តសន្សំកុសល នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យវិញ គឺនៅបរិវេណវត្តមានសន្តិសុខ និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ជួយសម្រួលសណ្តាប់ធ្នាប់ មិនឲ្យមានការកកកុញ។ នេះបើតាមសង្ឃដីកា ព្រះញាណកោសល យឹម ចំរើន រាជាគណៈថ្នាក់ចត្វា អនុប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ព្រះវិន័យធរអនុគណខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្តសន្សំកុសល។

ព្រះចៅអធិការបញ្ជាក់ទៀតថា «នៅទ្វារវត្តមានម៉ាស៉ីនបាញ់អាល់កុល ខណៈនៅក្នុងវត្តមានម៉ាស៉ីនស្កេនកម្តៅ ដែលជាមធ្យោបាយដ៏ល្អ ក្នុងការកាត់បន្ថយហានីភ័យ ពីការរីករាលដាលជំងឺកូវីដ។ វត្តសន្សំកុសល សូមចម្រើនពរ និងបិណ្ឌបាត្រ ឲ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ»

ព្រះញាណកោសល យឹម ចំរើន ព្រះចៅអធិការវត្តសន្សំកុសល

ព្រះតេជគុណ សុខ បាយ័ន្ត គ្រូសូត្រឆ្វេងវត្តវារិន្ទព្រែកលៀប

ព្រះសិរីកោសល សុំ សុខា ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី