(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានផ្តល់ដំបូន្មាន និងលើកទឹកចិត្តដល់សិស្សានុសិស្សនៅទឹកដីជាប់ព្រំដែនថៃមួយនេះ ឱ្យប្រឹងប្រែងជម្នះការលំបាកទាំងឡាយ បណ្តាលមកពីជំងឺកូវីដ១៩ ដើម្បីបន្តបេសកកម្មជីវិតក្នុងការស្វែងរកចំណេះវិជ្ជា។

បន្ទាប់ពីបានបិទទ្វារអស់ជាច្រើនខែព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩នោះ វិទ្យាល័យហ៊ុនសែនអន្លង់វែង នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកទ្វារអនុញ្ញាតឱ្យសិស្សចូលរៀនឡើងវិញ។ តែអនុញ្ញាតឱ្យចូលរៀនតែសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ប៉ុណ្ណោះ ព្រោះពួកគេជាថ្នាក់ត្រូវប្រឡងបញ្ចប់ថ្នាក់អនុវិទ្យាល័យចូលវិទ្យាល័យ និងបញ្ចប់ថ្នាក់ចំណេះដឹងទូទៅ ឈានចូលទៅថ្នាក់ឧត្តមសិក្សា។

ខេត្តឧត្តរមានជ័យ ជាខេត្តមួយដែលកំពុងមានការរីករាលដាលជំងឺកូវីដ១៩ក្នុងកម្រិតមួយខ្ពស់ ហើយក៏ជាខេត្តទទួលពលករចូលមកពីប្រទេសថៃផងដែរ។ ប្រការនេះ បានធ្វើឱ្យខេត្តយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការបើកសាលារៀនឡើងវិញនេះ ក៏ស្ថិតក្នុងការដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ផងដែរ។

តាមថ្នាក់រៀននីមួយៗដាក់សិស្សរៀនបានតែពាក់កណ្តាលប៉ុណ្ណោះ ដើម្បីអនុវត្តតាមវិធានរក្សាគម្លាត ហើយពួកគេត្រូវតាមដានសុខភាពដូចជាវាស់កម្តៅជាដើមមុននឹងឱ្យចូលថ្នាក់រៀន។

ជាមួយការបើកទ្វារសាលាអនុញ្ញាតឱ្យសិស្សចូលរៀនវិញនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចុះទៅពិនិត្យមើលដំណើរការបើកសាលារៀនឡើងវិញនេះ ព្រមទាំងបាននាំអាល់កុល និងម៉ាស់ចែកជូនគ្រូបង្រៀន និងសិស្សផងដែរ។

លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកដល់គ្រូ និងសិស្សបន្តប្រកាន់ខ្ជាប់ស្មារតីការពារជំងឺកូវីដ១៩ ជាពិសេសវិធាន «៣កុំ និង៣ការពារ»។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ ពីការលំបាករបស់សង្គមជាតិ ក៏ដូចជាសង្គមគ្រួសារខ្មែរ ព្រោះតែការរាតត្បាតជំងឺកូវីដ១៩ក្នុងរយៈពេលជិតពីរឆ្នាំមកនេះ។ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការដាក់ចេញវិធានការដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ និងដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ក៏បានគិតគូរខ្ពស់សម្រាប់ការអប់រំរបស់សិស្សានុសិស្ស ដែលត្រូវខកខានការសិក្សារៀនសូត្រ។

«យើងខកខានសិក្សារៀនសូត្រជាយូរមកហើយ អាស្រ័យហេតុនេះហើយទើបសម្តេចតេជោលោកបានសម្រេចក្នុងការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យចាប់ពីអាយុ ៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ។ ការសម្រេចនេះ ចេតនាធំបំផុត គឺឱ្យសិស្សរបស់យើងបានចូលសាលា និងបានរៀនសូត្រល្អប្រសើរឡើងវិញ»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវប្រឹងប្រែងជម្នះការលំបាកទាំងឡាយបណ្តាលមកពីជំងឺកូវីដ១៩។ ជាពិសេសមិនត្រូវឱ្យជំងឺនេះ មកកាត់ផ្តាច់ការសិក្សារៀនសូត្រ ដែលជាកត្តាដ៏ចាំបាច់សម្រាប់ការកសាងជីវភាព និងអនាគតនោះឡើយ៕