(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ជាថ្ងៃកាន់បិណ្ឌវេនទី១។ សម្រាប់ថ្នាក់ដឹកនាំខេត្តកំពង់ចាមដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្ត បាននាំយកទេយ្យទាន និងថវិកាទៅប្រគេនព្រះសង្ឃ គង់នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំខេត្តផ្សេងទៀត បាននាំគ្នាប្រារព្ធពិធីទៅតាមបែបផែន នៃព្រះពុទ្ធសាសនា ដោយបានវេ នូវគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន៣លាន ២សែនរៀលប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសល ជូនដល់វិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មាន មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយជា បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិដែល បានលាលោកនេះទៅកាន់លោកខាងមុខ។

ម៉្យាងទៀត ពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ ក៏ជាឱកាសដ៏ល្អ សម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សារលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយ៕