(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងភរិយា និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួម ពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តប្រាសាទរាជាសំរោង ស្ថិតនៅក្នុងសង្កាត់ ក្រុងសំរោង។

ក្នុងឱកាសនេះលោកអភិបាលខេត្ត បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឲ្យបានខ្ជាប់ខ្ជួន និងសូមកុំជួបជុំមនុស្សច្រើន ជំនួសមកជួបជុំ និងជជែកគ្នាតាមរយៈអនឡាញវិញ ដើម្បីរួមចំណែកកាត់បន្ថយការឆ្លងជំងឺកូវីដ១៩។

រាល់ការធ្វើដំណើរ សូមកុំប្រើប្រាស់មធ្យោបាយសាធារណៈផ្ទុកមនុស្សច្រើន និងពេលធ្វើដំណើរត្រូវពាក់ម៉ាស់ជានិច្ច រក្សាគម្លាតសុវត្ថិភាព បាញ់អាល់កុល និងលាងដៃដោយសាប៊ូ បើកកញ្ចក់រថយន្តឲ្យមានខ្យល់ចេញចូល ចៀសវាងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងបើកបរត្រូវគោររពច្បាប់។

សូមបញ្ជាក់ថា បច្ច័យ និងទេយ្យទាន ដែលវេប្រគេននាពេលនេះមាន អង្ករចំនួន ៣០០ គីឡូក្រាម, ទឹកសុទ្ធ២៥ កេស, ទឹកក្រូច០៧ កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ស្លាដក់ចំនួន ២៣ឈុត និងថវិកាចំនួនជាង៤.០០០.០០០,០០រៀលផងដែរ៕