(ភ្នំពេញ)៖​ នារីវ័យក្មេង២នាក់ បានឈរស្រែកយំ ក្រោយពីក្រុមចោរដកកាំភ្លើងខ្លី ភ្ជង់ប្លន់យកម៉ូតូ Scoopyមួយគ្រឿង យកទៅបាត់​នៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ជិតជ្រកចូលទៅវត្តនាគវ័ន្ត​នៅម៉ោង១១៖២០នាទី យប់ថ្ងៃទី៣​ខែមេសា ឆ្នាំ២០១៦​ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​។

នារីរងគ្រោះ​ ដែលមិនប្រាប់ឈ្មោះ បាននិយាយថា​មុនកើតហេតុ ពួកគេទាំង២នាក់ បានជិះម៉ូតូមកពី កម្មវិធីជប់លាងនៅក្នុងកោះពេជ្រ​ ដោយជិះតាមផ្លូវសហព័ន្ធរុស្ស៊ីនេះ​ លុះ​ជិះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវចូលទៅវត្តនាគវ័ន្ត ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក​ Zommer X មិនចាំពណ៌ និងស្លាកលេខ​ បានឲ្យនាងឈប់ រួចដកកាំភ្លើងខ្លីភ្ជង់ និងគំរាមបាញ់​សម្លាប់ចោល។ ដោយឮដូចនោះ នារីរងគ្រោះទាំង២នាក់ មានការភិតភ័យយ៉ាងខ្លាំង ក៏បានរត់ចោលម៉ូតូ ធ្វើឲ្យជនសង្ស័យមានឱកាស ក៏យកម៉ូតូនារីងរគ្រោះជិះគេចចេញ ពីកន្លែងកើតហេតុបាត់ ដោយសុវត្ថិភាព។

នារីរងគ្រោះបានបញ្ជាក់ថា ម៉ូតូដែលត្រូវជនសង្ស័យ ប្លន់យកទៅបាត់នោះម៉ាក Scoopy​ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1DQ-0774។

ក្រោយកើតហេតុនារីរងគ្រោះទាំង២ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រះចក​ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូជូននាងវិញផងដែរ។ ជាមួយគ្នានេះក្រោយ កើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថបានចុះទៅសួរនាំ និងនាំនាងមកប៉ុស្តិ៍នគរបាលថាតើពិតជាករណីប្លន់ ឬករណីផ្សេងទៀតរង់ចាំស្រាវជ្រាវសិន៕