(កណ្ដាល)៖ មនុស្ស ៧នាក់ សង្ស័យបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបើករថយន្ត Lexus ចុះទូកដរ បែរជាច្រឡំជាន់ហ្គែ ធ្លាក់ចូលទន្លេបាសាក់ ស្ថិតនៅកំពង់ចម្លងព្រែកអុងប៉ាង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល នៅមុននេះបន្តិច។

សមត្ថកិច្ចស្រុកស្អាងបានឲ្យដឹងថា នៅម៉ោងប្រមាណ ៨៖៣៥នាទីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦នេះ មានរថយន្តលុច្សស៊ីស RX-300 មួយគ្រឿង បានបើកចុះទូកចម្លងព្រែកអុងប៉ាង តែពេលកំពុងបើករថយន្តចុះទូកចម្លង បានច្រឡំជាន់ហ្គា បណ្តាលឲ្យរថយន្តស្ទុះធ្លាក់ទឹកតែម្តង។ 

បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅក្នុងរថយន្តនោះមានក្មេង ៥នាក់។ សមត្ថកិច្ចបានអះអាងចុងក្រោយថា អ្នកដំណើរនៅក្នុងរថយន្តទាំងក្មេងចាស់សរុប ៧នាក់ បានស្លាប់បាត់បង់ជីវិតទាំងអស់។

អ្នកស្លាប់នោះមានមនុស្សធំប្រុសម្នាក់ ស្រីម្នាក់ និងក្មេងប្រុស២នាក់ ស្រី៣នាក់។ រថយន្តនោះពាក់ស្លាកលេខ 2F-9169 ពណ៌ស ជាអ្នករស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល៕

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំងនេះទើបតែត្រឡប់មកពីឆេងម៉េង ស្រាប់តែជួបហេតុការណ៍ដ៏អាក្រក់បែបនេះតែម្តងទៅ៕

អ្នកបើករថយន្តត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ