(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានស្នើឲ្យកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ ចុះបំភ្លឺឡើងវិញ ជុំវិញអត្ថបទរបស់ខ្លួនមួយ ដែលបានចុះផ្សាយ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ដែលដាក់ចំណងជើងថា «អភិបាលរាជធានីឲ្យត្រៀមបង្ក្រាបការតវ៉ា»។

យោងតាមលិខិតរបស់នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ផ្ញើជូនលោក កែ គឹមសុង និពន្ឋនាយកកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការផ្សាយដោយដកស្រង់សំដីរបស់លោក អ៊ូ វីរ: អះអាងខ្លួនជាអ្នកវិភាគឯករាជ្យថា «ខ្ញុំគិតថា វាឆ្កួត» ធ្វើឲ្យប៉ះពាល់ដល់សិទ្ឋិ កិត្តិយស និងសេចក្តីថ្លៃថ្នូ របស់សាលារាជធានីភ្នំពេញ ដែលខ្ញុំយល់ឃើញថា ក្នុងសង្គមប្រជាធិបតេយ្យ ឈរលើគោលការណ៍នីតិរដ្ឋ លោកមានសិទ្ធិចុះផ្សាយអត្ថបទ ជាលក្ខណ:បញ្ចេញមតិ ឬទស្សន:ផ្ទាល់ខ្លួន តែត្រូវស្ថិតក្នុងព្រំដែនច្បាប់ និងគោរពដល់សិទ្ធិអ្នកដទៃ ។

ជាមួយគ្នានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ ដោយលើកឡើងចំណុចសំខាន់២យ៉ាង ឆ្លើយតបនឹងការចុះផ្សាយ របស់កាសែតភ្នំពេញប៉ុស្តិ៍ គឺទី១-តើការប្រើពាក្យពេជ្រ ដោយដាក់សំដីលោក អ៊ូ វីរៈ «ខ្ញុំគិតថា វាឆ្កួត» តើលោក អ៊ូ វីរ: ចង់សំដៅទៅលើអ្នកណា ? ឬសំដៅលើអភិបាលរាជធានីភ្នំពេញ ហើយបើលោក អ៊ូ វីរ: មិនបាននិយាយបែបនេះ នោះកាសែតភ្នំពេញប៉ុស្តិ៍ ត្រូវទទួលខុសត្រូវ ចំពោះការប្រើពាក្យពេចន៍ និងក្រមសីលធម៌ ក្នុងអត្ថបទរបស់ខ្លួន ។

ចំណុចមួយទៀត លោក ឡុង ឌីម៉ង់ បានលើកឡើងថា អភិបាលរាជធានីភ្នំពេញ មិនបានប្រើពាក្យបង្ក្រាប ឬកំទេចចោលក្រុមអ្នកតវ៉ាណានោះទេ នៅក្នុងសង្គមប្រជាធិបតេយ្យ តែលោកឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ ព័ន្ធរបស់រាជធានីភ្នំពេញ ប្រើវិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់ ចំពោះការតវ៉ាទាំងឡាយណាដែលផ្ទុយពីច្បាប់ ក្នុងគោលបំណង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដូចការតវ៉ា នៅក្រោយការបោះឆ្នោត នាឆ្នាំ២០១៣កន្លងទៅនេះ៕