(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានដាក់ចេញរួចហើយនូវ «ផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩» និង «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប» ហើយក៏កំពុងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញដែរ ក្រោយរងការប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ពេលនេះក៏ស្រាប់តែមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ បានលើកសំណើស្នើសុំការគាំទ្រលើ «គម្រោងវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅសៀមរាប-អង្គរ»។

គម្រោងវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅសៀមរាប-អង្គរនេះ ត្រូវបានលើកឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ហើយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ប៉ុន្តែលោកក៏បានស្នើឱ្យមានការពិភាក្សាលម្អិតលើបញ្ហាអភិវឌ្ឍន៍ និងអភិរក្ស ពីព្រោះតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់បេតិកភណ្ឌពិភពលោក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាអង្គការយូណេស្កូផងដែរ។

គម្រោងវិនិយោគថ្មីនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សារវាងលោករដ្ឋមន្ត្រី ថោង ខុន ជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ដែលដឹកនាំដោយលោក គូ ថេអូ (Koo Taeoh) អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន។ កិច្ចពិភាក្សានេះធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីពិភាក្សាអំពីគម្រោងលើកស្ទួយវិស័យទេសចរណ៍នៅខេត្តសៀមរាប ជាពិសេសការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅក្នុងតំបន់អង្គរ-សៀមរាប។

លោក គូ ថេអូ បានលើកឡើងថា «ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline កំពុងពិចារណាគម្រោងជិះទូកប្រពៃណីនៅកសិន្ធុប្រាសាទអង្គរវត្តនៃរមណីដ្ឋានអង្គរ ដូច្នេះហើយទើបក្រុមហ៊ុនស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យគម្រោងនេះអាចដំណើរការទៅបាន»។

អ្នកគ្រប់គ្រង គូ បានបញ្ជាក់ថា ប្រសិនបើគម្រោងនេះអាចដំណើរការទៅបាន នឹងក្លាយជាផលិតផលទេសចរណ៍ថ្មី រួមចំណែកក្នុងទាក់ទាញទេសចរកូរ៉េ ក៏ដូចជាទេសចរចិនមកកម្សាន្តនៅកម្ពុជាបន្ថែមទៀត ដែលអាចជួយដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបើកទេសចរណ៍ឡើងវិញ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ដែលបានគិតគូរដល់ការដាក់ចេញនូវផលិតផលទេសចរណ៍ថ្មី សម្រាប់លើកស្ទួយវិស័យទេសចរណ៍នៅខេត្តសៀមរាប។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងតំបន់រមណីដ្ឋានអង្គរ គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា តែយ៉ាងណាក្រសួងទេសចរណ៍នឹងសហការសម្របសម្រួលជាមួយក្រុមហ៊ុនបន្ថែមលើសំណើនេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «ផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩» និង «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប» ខណៈពេលបច្ចុប្បន្ន ក្រសួងទេសចរណ៍ក៏កំពុងរៀបចំឯកសារផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព ក្នុងដំណាក់កាលកូវីដ-១៩ ផងដែរ។

លោកក៏បានបញ្ជាក់ប្រាប់ក្រុមហ៊ុនដែរអំពីខ្លឹមសារខ្លះៗនៃ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប» ដែលជំរុញឲ្យមានផលិតទេសចរណ៍ថ្មីៗជាច្រើន។ ផែនការមេនេះមិនត្រឹមតែនៅតំបន់អង្គរទេ គឺបូករួមទាំងតំបន់ជុំវិញតំបន់អង្គរ និងតំបន់ដែលមានសក្ដានុពលផ្សេងទៀត ដូចជា តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងតំបន់បឹងទន្លេសាបជាដើម។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានបញ្ជាក់ដែរថា «រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងត្រៀមលក្ខណៈក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ (ទេសចរដែលចាក់វ៉ាក់សាំងរួច) ឡើងវិញ នាពេលឆាប់ៗខាងមុខ ប៉ុន្តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព»។

ជាមួយគ្នានេះ លោក គូ ថេអូ ក៏បានបង្ហាញនូវក្ដីសង្ឃឹមក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានច្រើនមកពីប្រទេសចិន ក៏ដូចជាប្រទេសកូរ៉េ ប្រទេសកំណើតរបស់លោកផងដែរ។

សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ត្រូវបានបង្កើតឡើងនៅអំលុងខែមិថុនា ដោយកាលណោះមានហោះហើរត្រង់រវាងប្រទេសកម្ពុជាទៅមកខេត្ត-ក្រុងជាច្រើនរបស់ប្រទេសចិន រួមទាំងទីក្រុងតៃប៉ិ (តៃវ៉ាន់) ប្រទេសវៀតណាម ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ប្រទេសឥណ្ឌាជាដើម។ ក្រៅពីនោះ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ក៏មានការហោះហើរក្នុងប្រទេសផងដែរ ភ្នំពេញ-សៀមរាប និង ភ្នំពេញ-ព្រះសីហនុ៕