(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ពិចារណាលើការជួយសម្រួលរៀបចំឱ្យជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដើម្បីជួយដឹកជញ្ជូនគណៈប្រតិភូអាស៊ាន ដែលពួកគេនឹងមកចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022)។

គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នៅក្រុងព្រះសីហនុ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

សំណើខាងលើនេះត្រូវបានលើកឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា វេទិកាទេសចរណ៍អាស៊ានលើកនេះ គឺធ្វើត្រឹមកម្រិតតូចល្មមដែលអាចគ្របគ្រងបានប៉ុណ្ណោះ ពុំដូចការរៀបចំមុនៗ ដែលមានទំហំធំដល់រាប់ពាន់នាក់នោះទេ ពោលគឺលើកនេះនឹងមានប្រតិភូ ភ្ញៀវទេសចរ ក៏ដូចជាអ្នកចូលរួមសរុបប្រមាណ ៥០០ នាក់ប៉ុណ្ណោះ ក្នុងនោះក៏មានប្រតិភូអន្តរជាតិប្រមាណ ៣៥០ នាក់ផងដែរ ប៉ុន្តែមានកិច្ចការសំខាន់មួយក្នុងការរៀបចំព្រឹត្តិការណ៍នេះ គឺការសម្រួលដល់មធ្យោបាយធ្វើដំណើររបស់ប្រតិភូអន្តរជាតិ។ ដូច្នេះហើយទើបលោករដ្ឋមន្ត្រី ថោង ខុន លើកសំណើទៅកាន់តំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ពិចារណាជួយដល់ការងារដឹកជញ្ជូនគណៈប្រតិភូអាស៊ាន និងប្រតិភូអន្តរជាតិ ដ្បិតការធ្វើដំណើរតាមផ្លូវគោក គឺមិនពិសេសដូចការធ្វើដំណើរតាមផ្លូវអាកាសឡើយ។

ជុំវិញករណីនេះដែរ លោក គូ ថេអូ (Koo Taeoh) អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sky Angkor Airline បានបញ្ជាក់ថា លោកនឹងលើកសំណើនេះទៅកាន់អគ្គនាយកក្រុមហ៊ុន ដើម្បីពិភាក្សាបន្ថែមអំពីលទ្ធភាពនៃការសម្រួលជើងហោះហើរនេះ ខណៈអគ្គនាយកក្រុមហ៊ុនគឺកំពុងឋិតនៅប្រទេសកូរ៉េ។

អ្នកគ្រប់គ្រង គូ ថេអូ បានបញ្ជាក់ជូនលោករដ្ឋមន្ត្រី ថោង ខុន ទៀតថា ក្រោយពីសម្តេចតេជោប្រកាសអំពីបំណងបើកទេសចរណ៍សុវត្ថិភាពឡើងវិញនៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ CEO របស់ក្រុមហ៊ុនលោក បានរួសរាន់ត្រឡប់ទៅប្រទេសកូរ៉េភ្លាមផងដែរ ដើម្បីធ្វើការជាមួយក្រុមហ៊ុនទេសចរណ៍នៅប្រទេសកូរ៉េ ក៏ដូចជាប្រទេសចិន លើការផ្សព្វផ្សាយឱ្យភ្ញៀវទេសចរធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជា។

សូមជម្រាបថា ការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ គឺដើម្បីជួយស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់ ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត៕