(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងសមត្ថភាពការងារ ឲ្យស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្ន ពិសេសត្រូវអភិវឌ្ឍចំណេះដឹង និងត្រូវធ្វើជាមេទ័ពនាំមុខ ក្នុងកិច្ចការងារទាំងអស់ របស់រដ្ឋបាលរាជធានីភ្នំពេញ ។

ការណែនាំបែបនេះ របស់លោក កើត ឆែ បានធ្វើឡើង ក្នុងពិធីតែងតាំងមន្ត្រីរាជការ ៤រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។

ក្នុងពិធីនេះ ត្រូវបានប្រកាសតែងតាំង លោក ស៊ុក សង្វាពេជ្រ មន្ត្រីឋានន្តរស័ក្តិ ថ្នាក់លេខ១ ជានាយករងរដ្ឋបាលរាជធានីភ្នំពេញ ជំនួសលោក ជូ ម៉េងចាន់ ដែលត្រូវទៅកាន់តំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។ លោក តុប សីហា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជានាយករងទីចាត់ការរដ្ឋបាល ។

លោក ជីវ សារិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ជាប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាននៃទីចាត់ការរដ្ឋបាល និងលោក ថង វង្សសុវិឡា ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៣ ជាអនុប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន នៃទីចាត់ការរដ្ឋបាល។

ក្នុងឱកាសនោះលោក កើត ឆែ បានលើកឡើងថា ការតែងតាំងមន្ត្រីរដ្ឋបាលរាជធានីខាងលើនេះ ធ្វើឡើង ក្រោយពីលោក ជូ ម៉េងចាន់ នាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទៅកាន់តំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។ លោកបន្តថា ការតែងតាំងមន្ត្រីនេះ គឺយើងមើលទៅលើសមត្ថភាពការងារ និងប្រសិទ្ធភាពការងាររបស់មន្ត្រីយើង ។ ការតែងតាំងនេះធ្វើឡើងឲ្យត្រូវតាមច្បាប់ផង និងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារផង។

លោក កើត ឆែ ក៏បានណែនាំឲ្យមន្ត្រីទាំងអស់ ចូលរួមទប់ស្កាត់នៅជំងឺកូវីដ-១៩ ដើម្បីឲ្យរាជធានីភ្នំពេញរបស់យើង បានវិលទៅរកប្រក្រតីភាពឡើងវិញ ត្រូវបំពេញការងារ ឲ្យបានម៉ឺងម៉ាត់ និងមិនត្រូវគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន មានឆន្ទៈក្នុងការងារ ត្រូវពង្រឹងសមត្ថភាពការងារឲ្យស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្ន ជាមួយនឹងការសាម្គីភាព ឯកភាពផ្ទៃក្នុង អោយបានល្អ ទើបការងារទទួលបានជោគជ័យ៕