(កំពង់ឆ្នាំង)៖ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ ទោះបីពលរដ្ឋស្ថិតនៅតំបន់ដាច់ស្រយាលយ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យបានជម្នះការលំបាកទាំងឡាយស្កាត់ទៅចាក់ជូនពួកគេ។

ជាក់ស្តែងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស បានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយមួយស្កាត់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រងិល ឃុំពោធិ៍ និងឃុំស្វាយរំពារ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ឃុំទាំង៣ នៃស្រុកកំពង់លែងនេះ ជាតំបន់ដាច់ស្រយាលមួយ។

ដោយផ្អែកតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ស្ដីពីការពន្លឿនការអនុវត្ដយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩នោះ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស បានរៀបចំចាត់ចែងបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមជំនួយការនៃកងទ័ពជើងអាកាសចំនួន ៤០នាក់ ចុះទៅកាន់ឃុំទាំងបីនៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

ឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរងទទួលបន្ទុកនាយសេនាធិការ បានបញ្ជាក់ប្រាប់ថា នេះគឺជាលើកទីពីរហើយដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃកងទ័ពជើងអាកាស បានមកបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅឃុំទាំងបីខាងលើ ក្នុងស្រុកកំពង់លែងនេះ។

ផ្អែកតាមរបាយការចាក់វ៉ាក់សាំងលើកទីមួយ កន្លងមកនេះ ក្រុមគ្រូពេទ្យនៃកងទ័ពជើងអាកាសបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៤,៤៣៣នាក់។ ដោយឡែកសម្រាប់ថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពជើងអាកាសបាន ចាក់ជូនប្រជាពលរដ្ឋចំនួន ១.៨១៦នាក់។

ក្នុងពេលចុះបំពេញការងារសួរសុខទុក្ខក្រុមគ្រូពេទ្យនៅព្រឹកមិញនេះ នាយឧត្ដមសេនីយ៍ សឹង សំណាង បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់។ នាយឧត្តមសេនីយ៍ ក៏បាននាំយកនូវបទបញ្ជារបស់សម្តេចតេជោ ដែលបានណែនាំឱ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានផ្តល់ថវិកាលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារនៅទីនោះផងដែរ៕